អាស៊ានប៉ារ៉ាហ្គេមលើកទី១១ កម្ពុជានឹងបំបែកកំណត់ត្រាចាស់ អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧ប្រទេសម៉ាឡេស៊ី ដោយការបង្កើនចំនួនមេដាយមាស

Detail Top Banner

ភ្នំពេញ-ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើសន្និសិទសារព័ត៌មាន ប្រកាសជាផ្លូវការ នៃការដឹកនាំអត្តពលិកកីឡាជនពិការកម្ពុជាលើ១១ប្រភេទកីឡាទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។


ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ។
ឯកឧត្តម អះអាងថា ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្តូនេស៊ី គឺជាការដុះខាត់សមត្ថភាពអត្តពលិកត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម បានដាក់ក្តីរំពឹងខ្ពស់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជានឹងបំបែកកំណត់ត្រាចាស់ អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយការបង្កើនចំនួនមេដាយឲ្យបាន៣គ្រឿងមកជូនកម្ពុជា ខណៈដែលឆ្នាំ២០១៧ អត្តពលិកកម្ពុជាដណ្តើមបានដណ្តើមបានតែមេដាយសរុប១០គ្រឿងប៉ុណ្ណោះ គឺប្រាក់៥ និងសំរិទ្ធ៥គ្រឿង។


នាយបេសកម្មខាងលើ បានបញ្ជាក់ទៀតថា មេដាយមាស៣គ្រឿងដែលជាក្តីរំពឹងរបស់កម្ពុជា គឺសង្ឈឹមលើប្រភេទកីឡាសក្តានុពលចំនួន៤មានដូចជា ប្រភេទកីឡាបាល់ទះអង្គុយបុរស និងនារី កីឡាហែលទឹក អត្តពលកម្ម បាល់បោះរទះ ។ បេសកម្មចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ីលើកនេះ នាយបេសកម្មរំពឹង ដណ្តើមបានមេដាយមាស៣គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១៥គ្រឿង។

សូមបញ្ជាក់ថា កម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាសរុបចំនួន ១៦៦នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ នាចុងខែកក្កដានេះ ក្នុងនោះមានកីឡាករ-កីឡាការិនី ១១៥នាក់ លើ ១១ប្រភេទកីឡា ដឹកនាំផ្ទាល់ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ រីឯក្រុមកីឡាករ-កីឡាការិនីជនពិការកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូនពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត៕

You might also like