សិង្ហបុរីនឹងបញ្ជូនគ្រូមកជួយបង្វឹកកីឡាបាល់ទឹក (Water Polo) ដល់កីឡាករកម្ពុជា ត្រៀមសម្រាប់ស៊ីហ្គេម២០២៣
(ភ្នំពេញ)៖ តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា ភាគីសិង្ហបុរីបានសន្យាបន្តជួយគាំទ្របច្ចេកទេស ហើយនឹងបញ្ជូនគ្រូមកបង្វឹកកីឡាករកម្ពុជាលើជំនាញកីឡាបាល់ទឹក (Water Polo) ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ជំនួបនេះធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ភាគីកម្ពុជាដោយដឹកនាំដោយឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ភាគីសិង្ហបុរីដឹកនាំដោយឯកឧត្ដម ថុង អេដវីន រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី។ក្រោយបញ្ចប់ជំនួប ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលខាធិការក្រសួងទេចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ភាគីសិង្ហបុរីបានសន្យាបង្កើនការបង្វឹក និងបង្កើនគុណផលកីឡាបាល់ទឹក (Water Polo) ដែលសិង្ហបុរីមានកម្រិតបច្ចេកទេសល្អ និងមានឧត្តមភាពក្នុងតំបន់ដែរ។
ឯកឧត្ដមអគ្គលេខាធិការបានបន្តថា ចំពោះកីឡាបាល់ទឹកនៅកម្ពុជានេះ គឺស្ថិតក្រោមសហព័ន្ធកីឡាហែលទឹកកម្ពុជា ដែលមានឯកឧត្ដមទេសរដ្ឋមមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន។ ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា កន្លងមក សហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំក្រុមកីឡាករដើម្បីត្រៀមចូលរួមហ្វឹកហាត់ជាមួយគ្រូជំនាញមកពីសិង្ហបុរីម្នាក់ (អតីតកីឡាករដ៏ល្បីរបស់សិង្ហបុរី) ដែលនឹងបញ្ជូនមកពេលក្រោយ ហើយនឹងមានការជួយគាំទ្រផ្នែកបច្ចេកទេសពីសិង្ហបុរី ក្នុងនោះក៏នឹងបញ្ជូនកីឡាករកម្ពុជាទៅហ្វឹកហាត់នៅសិង្ហបុរីផងដែរ។
បើតាមឯកឧត្ដមអគ្គលេខាធិការ ការជួយគាំទ្រពីភាគីសិង្ហបុរីនេះគឺមានសារសំខាន់ណាស់សម្រាប់កីឡាករកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្ដម វ៉ាត៉ ចំរើន បានបន្តទៀតថា ក្រៅពីកីឡាបាល់គប់ក្នុងទឹកនេះ ភាគីសិង្ហបុរីក៏បានសន្យាជួយបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់លើក្ដារ (Teqball) ដល់កម្ពុជាទៀតដែរ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីកីឡាសម្ដែង (មិនមែនជាកីឡាប្រកួតទេ)។
ឯកឧត្ដមបានរំលឹកថា កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងជួយគ្នាទៅវិញទៅមក្រវាងកម្ពុជានិងសិង្ហបុរីខាងលើនេះ គឺធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី នៅឆ្នាំ២០១៧ ដើម្បីជួយគ្នាទៅវិញទៅមកលើផ្នែកបច្ចេកទេស និងជំនាញ កីឡាផ្សេងទៀត៕