ប្រតិភូ អត្តពលិកជនពិការ ១១ប្រភេទកីឡា បានទៅដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព

Detail Top Banner

ឥណ្ឌូនេស៊ី ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការកម្ពុជា សរុបចំនួន ១៧៩នាក់ បានចេញដំណើរតាមជើងយន្ដហោះពិសេសដោយឥតគិតថ្លៃ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានមកដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព បន្ទាប់ពីចាកចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ដោយមានការអញ្ជើញជូនដំណើរពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។


ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកម្ម បានបញ្ជាក់ថា ការជូនដំណើរពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្ដីរីករាយ និងកក់ក្ដៅ ប្រកបដោយមោទនភាព ធ្វើអោយកីឡាករ-កីឡាការិនីជនពីការកម្ពុជាបង្ហាញនូវភាពជឿជាក់ ក្នុងការបំពេញបេសកកម្មមួយនេះ ។ ឯកឧត្តម បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដោយសម្ដេចតេជោ បានផ្តល់យន្ដហោះពិសេស (Charter Flight) ដើម្បីដឹកជញ្ជូនប្រតិភូ និងអត្តពលិកកម្ពុជា ហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដើម្បីធានាសុវត្ថិភាព ទាំងទៅ ទាំងមក ក្នុងការបង្ការជំងឺកូវីដ-១៩ទៀតផង ជាពិសេស ឧបត្ថម្ភប្រាក់ហោប៉ាវ និងការចាក់វ៉ាក់សាំងដូសជំរុញផងដែរ ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ ឯកឧត្តម អគ្គលេខាធិការ និងអត្តពលិកទាំងអស់ ប្តេជ្ញាប្រឹងប្រែងអោយអស់ពីសមត្ថភាព ដណ្តើមមេដាយមាសជូនជាតិ សម្តេចតេជោ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ១៧លាននាក់ អោយបាន ។


ឯកឧត្តម យី វាសនា ក៏បានផ្តាផ្ញើរដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងអ្នកបច្ចេកទេសឲ្យយកបេះដូងគិតពីតម្លៃរបស់ខ្លួនតំណាងអោយជាតិទាំងមូល និងប្រជាពលរដ្ឋជាង១៧លាននាក់ ដូច្នេះយើងត្រូវធ្វើយ៉ាងណាដណ្តើមមេដាយមាសអោយបាន ដើម្បីបង្ហូតទង់ជាតិលើវេហា បង្ហាញពីមោទកភាព និងកិត្តិសព្ទកម្ពុជាលើឆាកអន្តរជាតិ ។ ជាពិសេសជាការត្រៀមខ្លួនប្រកបដោយសក្តានុពល សម្រាប់អត្តពលិកជនពិការកម្ពុជា ដោយជោគជ័យ ទាំងការរៀបចំ និងការប្រកួតប្រជែងដណ្តើមមេដាយ ពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅ ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន ១១៥នាក់ លើ ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕

You might also like