អត្តពលិកមានពិការភាពលើប្រភេទកីឡាប៊ូស្យា បង្ហាញក្តីសង្ឃឹមខ្ពស់ ក្នុងការប្រជែងមេដាយនៅអាស៊ានប៉ារ៉ាហ្គេម
ទីក្រុងសូឡូ៖ កីឡាករមានពិការភាពលើប្រភេទកីឡាប៊ូស្យា វណ្ណា ណាក់ បានបង្ហាញក្តីសង្ឃឹមខ្ពស់សម្រាប់ការប្រជែងបានមេដាយពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
បន្ទាប់ពីការហ្វឹកហាត់ផ្លូវការលើទីលានផ្លូវការរយៈពេល២ថ្ងៃរួចមក កីឡាករ វណ្ណា ណាក់ បានឲ្យដឹងថា ការហ្វឹកហាត់លើទីលាននៅប្រទេសឥណ្ឌូនេស៊ីថ្មីសម្រាប់ក្រុមប៊ូស្យាកម្ពុជា ប៉ុន្តែល្អប្រសើរដោយសារទីលានស្អាត និងទំហំត្រូវតាមកម្រិតស្តង់ដាដែលធ្វើឲ្យងាយស្រួលក្នុងការហ្វឹកហាត់ជាងទីលាននៅកម្ពុជា។ ការហ្វឹកហាត់នៅកម្ពុជាបានដិតដល់ ដូច្នេះដល់មកហ្វឹកហាត់នៅទីលានស្តង់ដាកាន់តែធ្វើឲ្យងាយស្រួល និងបានស្គាល់គ្រាប់ប៊ូស្យាច្បាស់។
វណ្ណា ណាក់ បានផ្តល់ក្តីសង្ឃឹមថា ៖«ការចូលរួមប្រកួតនេះ យើងសង្ឃឹមច្រើនដែរដល់៩៥%។ យើងអាចនឹងទទួលបានជ័យជម្នះ តែមិនដឹងថា មេដាយអ្វីទេ។ ប្រទេសថៃជាដៃគូពិបាកបំផុត។ ចំពោះប្រទេសផ្សេងៗទៀតមិនទាន់ដឹងយ៉ាងណាទេ ពីព្រោះគេក៏ហ្វឹកហាត់ដែរ»។«ក្បាច់ចាស់គេ យើងចាប់បានអស់ហើយ។ យើងបានតាមដានមើលការហ្វឹកហាត់របស់គេ គឺគេលេងឆ្ងាយ តែយើងស្ទើរឆ្ងាយ ដោយសារទីលាននៅស្រុកយើងអត់ពេញម៉ែត្រ អីចឹងទៅពិបាកហាត់ឆ្ងាយ។ លេងជិត យើងខ្លាំងហើយ មកទីនេះ យើងពង្រឹងឆ្ងាយ។ ទោះគេលេងឆ្ងាយក៏អត់បញ្ហាសម្រាប់យើងដែរ ពីព្រោះនៅទីនេះយើងបានហ្វឹកហាត់ពង្រឹងឆ្ងាយហើយ»។
កីឡាករមានពិការភាពរូបនេះបានបញ្ជាក់ថា ក្រុមទាំងមូលមានស្មារតីរឹងមាំ និងមិនភ័យខ្លាចអ្វីទាំងអស់ ដោយសារឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា កុំខ្លាច ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កុំខ្លាច ពីព្រោះប្រជាជន១៧លាននាក់ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច។តាមកាលវិភាគ កីឡាប៊ូស្យា ត្រូវប្រកួតពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ខណៈកម្ពុជាបានបញ្ជូនអត្តពលិកជនពិការកីឡាប៊ូស្យាចំនួន៤រូបគឺកីឡាករ២រូប និងកីឡាការិនី២រូប ព្រមទាំងគ្រូបង្វឹក១រូប និងគ្រូជំនួយ១រូប។ កីឡាករ-កីឡាការិនីទាំង៤រូបប្រកួតម្នាក់តែមួយវិញ្ញាសាដូចគ្នាគឺវិញ្ញាសាឯកត្តជន៕