ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា សង្ឃឹមបានមេដាយមាស ក្រោយឈ្នះឡាវ

Detail Top Banner

សូឡូ៖ ប្រធានក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា អាន ស៊ីណែត សង្ឃឹមឈ្នះមេដាយមាសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមនារីឡាវ។

កាលពីព្រឹកមិញនេះ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជាបានប្រកួតឈ្នះក្រុមបាល់បោះពិការជិះរទេះនារីឡាវដោយលទ្ធផល ១១-៥ សម្រាប់វិញ្ញាសានារី៣ទល់៣ ខណៈក្រុមបាល់បោះពិការជិះរទេះនារីថៃបានយកឈ្នះក្រុមបាល់បោះពិការជិះរទេះនារីហ្វីលីពីនដោយលទ្ធផលតដៃមិនរួច១១-០។

កីឡាការិនី អាន ស៊ីណែត បានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត សប្បាយចិត្តខ្លាំង។ មុនដំបូង យើងបានស្ទាបស្ទង់សិន ដល់ពេលចុះសម្រុកទៅ ឃើញថា យើងធ្វើបានល្អ»។ តាមរយៈការសហការគ្នា និងបិទក្រុមនារីឡាវបានល្អបានធ្វើក្រុមនារីកម្ពុជាសង្ឃឹមធ្វើបានល្អសម្រាប់ការប្រកួតបន្ទាប់ និងក្រោយពេលបានមើលសមត្ថភាពលេងរបស់ក្រុមនារីថៃ និងនារីហ្វីលីពីន។ អាន ស៊ីណែត បានលើកឡើថា ៖«ក្រុមនារីថៃ និងហ្វីលីពីន មើលទៅកម្រិតសមត្ថភាពរបស់ពួកគេ យើងអាចសង្ឃឹមយកឈ្នះបាន។ សមត្ថភាពរបស់ថៃប្រហាក់ប្រហែលនឹងយើងដែរ។ ចាំមើលស្អែកប្រកួតជាក់ស្តែង យើងដឹងហើយ។ ខ្ញុំរំពឹងថា ស្អែកនឹងនឹងឈ្នះថៃ។ បើក្រុមនារីហ្វីលីពីនវិញ យើងអាចស៊ីបាន ប៉ុន្តែគ្រាន់តែថា នឹងខំប្រឹងអស់ពីសមត្ថភាព»។តាមរយៈការវាយតម្លៃពីសមត្ថភាពអាចយកឈ្នះលើក្រុមនារីថៃ និងនារីហ្វីលីពីនបានធ្វើឲ្យប្រធានក្រុមនារីកម្ពុជាសង្ឃឹមទទួលបានមេដាយ។ កីឡាការិនីជាប្រធានក្រុមបាននិយាយថា ៖«ខ្ញុំសង្ឃឹមថា អាចនឹងឈ្នះមេដាយមាស។ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមទាំងមូលនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃស្អែកដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ»។

ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីនេះមានប្រទេស៤ចូលរួមប្រកួតគឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ។ ការប្រកួតដំណាក់កាលទី១វិលជុំសន្សំពិន្ទុពោលគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។ បន្ទាប់ដំណាក់កាលទី២ ក្រុមលេខ១ត្រូវប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងក្រុមលេខ៣ត្រូវប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធ។ការប្រកួតវិលជុំសន្សំពិន្ទុបន្ទាប់របស់ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕

https://youtu.be/u-dc83agmr8

You might also like