អត្តពលិកកីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមបានមេដាយ៤គ្រឿង ពីការប្រកួតជើងឯកពិភពលោកនៅថៃ
បាងកក៖ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក ” ពានរង្វាន់ព្រះមហាក្សត្រថៃ ” លើកទី៣៥ ( The 35 King Cup Sepaktakraw world championships) នៅទីក្រុង បាងកក ប្រទេសថៃ អត្តពលិកកីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមបានមេដាយសរុប៤គ្រឿង ប្រាក់២ និងសំរឹទ្ធ២គ្រឿង ។
តាមការបញ្ជាក់ពីលោក ទី លីឈ័ង មន្រ្តីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កម្រិតពិភពលោកខាងលើនេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជូន ប្រតិភូ២រូប គ្រូបង្វឹក៤រូប កីឡាករ១៨រូប កីឡាការិនី៨រូប ចូលរួម ប្រកួតលើវិញ្ញាសាជាក្រុមបុរស -នារី មានវិញ្ញាសាបុរស ៤នាក់ទល់៤នាក់ ( Men’s Quard ) , វិញ្ញាសា ទាត់សីចូលកន្ត្រក (Hoop Event )បុរស នារី ។
ជាលទ្ធផល កម្ពុជា ដណ្តើមបានមេដាយសរុប៣គ្រឿង គឺលើវិញ្ញាសា ៤នាក់ទល់៤នាក់ មេដាយប្រាក់១គ្រឿង , វិញ្ញាសាបុរសទាត់សីចូលកន្ត្រក មេដាយ ប្រាក់១ និងវិញ្ញាសានារី ទាត់សីចូលកន្ត្រក មេដាយសំរឹទ្ធ១ និងវិញ្ញាសាបុរស ជាក្រុម ទទួលបាន មេដាយសំរឹទ្ធ ១គ្រឿង។ ចំនែកឯពិធីបំពាក់មេដាយក៏មានការចូលរួមពីឯកឧត្តម បណ្ឌិត មាស សារិន ជាប្រធានសហព័ន្ធ កីឡាសីដក់ និងឈិនឡូនកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា ក្រោយពេលបញ្ចប់ការប្រកួត ក្រុមសីដក់ និងឈិតឡូនកម្ពុជានឹងហ្វឹកហាត់ នៅប្រទេសថៃ រួចបន្តទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត។ ដើម្បីឲ្យកីឡាករ-កីឡាការិនីប្រាកដច្បាស់ថា នឹងយកមេដាយជូនជាតិឲ្យបានសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក “ពានរង្វាន់ព្រះមហាក្សត្រថៃ” លើកទី៣៥ ( The 35 King Cup Sepaktakraw world championships) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមាន៣៦ប្រទេសចូលរួម ៕