អត្តពលិកកីឡាសិស្សនិស្សិតកម្ពុជាដណ្តើមបានមេដាយ ១១គ្រឿងហើយ ពីកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ នៅថៃ

Detail Top Banner

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ឯកឧត្តម ព្រំ ប៉ុណ្ណយី អគ្គលេខាធិការរង សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានថ្លែងប្រាប់ Heart Sport តាមប្រព័ន្ធតេឡេក្រាមពីប្រទេសថៃ បានអោយដឹងថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អត្តពលិក​កីឡា​សិស្ស​និស្សិត​កម្ពុជា ដណ្តើមបានមេដាយសរុប១១ គ្រឿងហើយ​ ពីព្រឹត្តិការណ៍កីឡាសកល​វិទ្យាល័យអាស៊ានលើកទី២០ ឆ្នាំ២០២២ ដែល​ដំណើរ​ការប្រកួត នៅសាកលវិទ្យាល័យ Rajabhat ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ ។
ឯកឧត្តម ព្រំ ប៉ុណ្ណយី បានអោយដឹងទៀតថា ប្រភេទកីឡាដែលអត្តពលិកសិស្សនិស្សិតកម្ពុជាដណ្តើម​បានទាំង​១១គ្រឿង​នេះក្នុង​នោះ​រួមមាន ៖


– ប្រភេទកីឡាគុនដាវរកបានមេដាយ៤គ្រឿង មាស១គ្រឿងនិងសំរិទ្ធ៣គ្រឿង
– ប្រភេទកីឡាអត្តពលកម្មរកបានមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាលោតកម្ពស់
– ប្រភេទកីឡាការ៉ាតេរកបានមេដាយ២គ្រឿង ប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង
– ប្រភេទកីឡាប៉េតង់រកបានមេដាយប្រាក់២គ្រឿង លើវិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់ផ្នែកនារី និង១គ្រឿងទៀតរកបានលើវិញ្ញាសាប្រកួត២នាក់ទល់និង២នាក់ ដោយកីឡាការិនីស្រ៊ាង សុរ៉ាឃីម ចាប់ដៃជាមួយកីឡាការិនី ឃួន យ៉ារី ។ ដោយឡែកប្រភេទកីឡាតេក្វាន់ដូ WT ដណ្តើមបានមេដាយ២គ្រឿង ដោយកីឡាការិនី អ៊ុន ពេជ្រចរណៃ ទទួលបានមេដាយប្រាក់ លើប្រភេទវិញ្ញាសាប្រយុទ្ធនារី ទម្ងន់៤៩គីឡូ និងមេដាយសំរឹទ្ធ រកបានដោយកីឡាករមៀន សួស័យយិ លើវិញ្ញសាប្រយុទ្ធបុរស ប្រភេទទម្ងន់៧៤គីឡូ ។ហើយសម្រាប់កម្ពុជាគឺ​នៅសល់ពីរប្រភេទកីឡាទៀតដែលនឹងត្រូវប្រកួតស្វែងរកមេដាយនៅថ្ងៃទី៤ស្អែកនេះក្នុងនោះរួមមានតេក្វាន់ដូ WT និងកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុ វិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង ក្នុងនោះ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ មានប្រភេទកីឡា គុនដា អត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូ៕

You might also like