ក្រុមហ៊ុន Cambodain Premier League និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCS រួមសហការគ្នាអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា

Detail Top Banner

ក្រុមហ៊ុន Cambodain Premier League ដែលជាក្រុមហ៊ុនដំបូងគេចូលខ្លួនមកវិនិយោគលើវិស័យបាល់ទាត់លីគអាជីពនៅកម្ពុជា បានប្រកាសទទួលយកគ្រិះស្ថានមីក្រូហិរញ្ញវត្ថុJACCS ជាដៃគូឧបត្ថម្ភ ដើម្បីរួមគ្នាលើកស្ទួយអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចំរើន។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការឧបត្ថម្ភរវាងក្រុមហ៊ុន Cambodain Premier League និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCS បានធ្វើឡើង នាល្ងាចថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក Satoshi Saito ដែលជា CEO របស់ Cambodain Premier League និងលោក Narita នាយកគ្រប់គ្រង គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCS នៅកម្ពុជា ។


លោក Narita បានមានប្រសាសន៍ថា មូលហេតុដែលគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCSចូលខ្លួនមកជាដៃគូឧបត្ថម្ភក្រុមហ៊ុន Cambodain Premier League ដោយសារតែចង់ចូលរួមចំណែកជំរុញលើកស្ទួយឲ្យវិស័យបាល់ទាត់នៅកម្ពុជាកាន់តែរីកចំរើន ហើយ តាមរយៈការឧបត្ថម្ភនេះ វាក៏ជាឱកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនិងអ្នកគាំទ្របាល់ទាត់បានស្គាល់អំពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCSដូចបាល់ទាត់ដែរ។


លោក Satoshi Saito នាយកប្រតិបត្តិ Cambodain Premier League បានលើកឡើងថា នៅក្នុងវិស័យបាល់ទាត់យើងត្រូវការការវិនិយោគបន្ថែមទៅលើកន្លែងកីឡាបាល់ទាត់ ដូចជា កីឡដ្ឋាន កន្លែងហ្វឹកហាត់ ឧបករណ៍ ក្លិប ការិយាល័យ និងច្រើនទៀត ចំពោះអ្នកដែលគ្រប់គ្រងក្លិបបាល់ទាត់ និងការប្រកួត មន្រ្តី បុគ្គលិក និងកីឡាករ។ ហើយទាំងអស់នេះ គឺត្រូវការចាំបាច់ក្រុមហ៊ុនដៃគូឧបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅធ្វើឲ្យវិស័យបាល់ទាត់នៅកម្ពុជារីកចំរើនមានសក្តានុពលនាពេលខាងមុខ។ លោក សូមស្វាគមន៍ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCSមកកាន់គ្រួសារបាល់ទាត់របស់យើង សេចក្តីប្រកាសភាពជាដៃគូនេះ និងក្លាយជាជំនាន់ថ្មី និងការបើកទ្វារថ្មីសម្រាប់ការអភិវឌ្ឍមួយកម្រិតទៀតនៃវិស័យបាល់ទាត់ និងសង្គមកម្ពុជាឆ្ពោះទៅមុខ។


សូមបញ្ជាក់ថា គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ JACCS ជាដៃគូទី៥ហើយ ដែលប្រកាសជាដៃគូឧបត្ថម្ភរបស់ក្រុមហ៊ុន Cambodain Premier League ហើយ ការប្រកាសនេះ មិនទាន់បានបង្ហាញពីទំហំឧបត្ថម្ភនៅឡើយនោះ។
គួររំលឹកថា ក្រុមហ៊ុន Cambodain Premier League ហៅការCPLបានបង្កើតឡើង ក្រោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងអំឡុងខែ មិនា ឆ្នាំ២០២២ ដើម្បីគ្រប់គ្រងលីគបាល់ទាត់អាជីពដែលទើបបង្កើតថ្មីនៅកម្ពុជា៕

You might also like