សហព័ន្ធកីឡាម៉ូតូទឹកកែសម្រួលសមាសភាពគណៈកម្មការប្រតិបត្តិ មួយចំនួនដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតធំៗនាពេលខាងមុខ
ភ្នំពេញ ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានរៀបចំ មហាសន្និបាតវិសាមញ្ញរបស់ខ្លួនដើម្បីពិនិត្យកែសម្រួលសមាសភាពគណៈកម្មការប្រតិបត្តិ អោយស្របជាមួយតម្រូវការសម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតធំៗនាពេលខាងមុខ ។
ដែលមហាសន្និបាតវិសាមញ្ញនេះដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដោយមានការចូលរួមពីលោកទុយ វិច្ឆិកាតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក ងិន សុបញ្ញា តំណាង គណៈកម្មការជាតិអូឡាំពិក ( NOCC ) រួមជាមួយមន្ត្រីសហព័ន្ធ និងកីឡាករគ្រូបង្វឹកម៉ូតូទឹក នៅអគាគណកម្មការអូឡាំពិក កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា គោលបំណងដែលយើងបានរៀបចំមហាសន្និបាតវិសាមញ្ញនៅថ្ងៃនេះ គឺដើម្បីពិនិត្យកែសម្រួលសមាសភាពគណៈកម្មការប្រតិបត្តិ អោយស្របជាមួយតម្រូវការសម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតធំៗនាពេលខាងមុខដែលជិតឈានចូលមកដល់ ដូចជាព្រឹត្តិការណ៍កីឡាជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលតម្រូវអោយសហ័ន្ធនីមួយៗទទួលខុសត្រូវលើប្រភេទកីឡារបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ។ ឯកឧត្តមប្រធានសហព័ន្ធ បានបន្ថែមថា ដោយមើលឃើញថា សហព័ន្ធម៉ូតូទឹកយើងមានភាពរឹងមាំហើយ ប៉ុន្តែកន្លងមកយើង ធ្លាប់តែរៀបចំខ្លួនបញ្ជូនអត្តពលិកទៅចូលព្រឹត្តិការណ៍កម្រិតធំៗ ដោយមិនធ្លាប់បានទទួលសិទ្ធរៀបចំព្រឹត្តិការណ៍ដ៏ធំដូចជាស៊ីហ្គេមនោះទេ ដូច្នេះទើបសហព័ន្ធយើងត្រូវត្រៀមខ្លួនអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំសមាសភាពគណៈកម្មការប្រតិបត្តិអោយត្រូវនឹងតម្រូវការជាក់ស្តែង ជាមួយព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខ ។
សូមបញ្ជាក់ថា សម្រាប់សមាសភាពដែលមហាសន្និបាតវិសាមញ្ញបានសម្រេចកែសម្រួលថ្មី និងបន្ថែមចូលជាឯកច្ឆ័នមានដូចជា ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាសាន់ ទីប្រឹក្សាជាន់ខ្ពស់ លោក KARLHEINRICH KNAUF ទីប្រឹក្សាជាន់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីម យ៉ាន ទីប្រឹក្សាជាន់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ លោក ម៉ិល កាដូ ទីប្រឹក្សាជាន់ខ្ពស់ លោក ហ៊ុន សាមុត ទីប្រឹក្សាជាន់ខ្ពស់ លោកជំទាវ មិថុនា ភូថង ទីប្រឹក្សាជាន់ខ្ពស់ ,ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធាន ឯកឧត្តម នី ផល្លី អនុប្រធាន លោក ហួត សេងទ្រី អនុប្រធាន លោក ប៊ូ វិរៈ អគ្គលេខាធិការ លោក មាស ម៉ាប់ អគ្គលេខាធិការរង លោក សៅ ចន្ថា អគ្គហេរញ្ញិក លោក ញ៉ែម ភីណារ៉េត អគ្គហេរញ្ញិករង រួមជាមួយសមាជិក ២១រូបទៀតផងដែរ ៕