Camsoc បើកកិច្ចប្រជុំជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

Detail Top Banner

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ (CAMSOC) ដើម្បីពិនិត្យការងារព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៅសាលប្រជុំតុមូល នៃអគាគណកម្មការជាតិអូឡាំពិកកម្ពុជា ។


ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។


តាមការបញ្ជាក់របស់ឯកឧត្តម តុប សុភ័ក ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៃគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តោតទៅលើយុទ្ធនាការទាំង៥ ដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់បានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយចូលរួមយុទ្ធនាការនេះទាំងអស់គ្នា ពិសេសការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងផ្ទះសម្បែងពួកគាត់ឲ្យបានស្អាត រួមជាមួយការរៀបចំម្ហូបអាហារ និងសេវាកម្មផ្សេងៗ ឲ្យបានល្អ សម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។ឯកឧត្តមបន្ដថា «លើសពីនេះ ឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឲ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយអំពីបទចម្រៀង សម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ ព្រោះបទចម្រៀងអាចមានសក្ដានុពល និងជ្រួតជ្រាបទៅដល់មហាជនទាំងអស់ មានន័យថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់អំពីកីឡា ថាកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ទាំងអស់នេះ គឺជាការរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្ដោបរួមនៅក្រោមពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព»។ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ដ្រី ក្នុងនាមប្រធានគណៈកម្មការជំនាញ ឯកឧត្តម តុប សុភ័ក បានប្ដេជ្ញាធ្វើការជាមួយអគ្គលេខាធិការដ្ឋាន CAMSOC ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការខាងលើ ទៅដល់គ្រប់ច្រកល្ហក និងស៊ីជម្រៅ ពិសេសគោលដៅធំៗទាំង៥ ដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្រួចគោលដៅតំបន់ត្រូវផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕

You might also like