ឥទ្ធិពលរបស់ Lionel Messi បានធ្វើឲ្យតម្លៃសំបុត្រចូលរួមទស្សនាការប្រកួតរបស់ក្លិប Inter Miami មានការហក់ឡើងយ៉ាងខ្ពស់
ឥទ្ធិពលរបស់កំពូលខ្សែប្រយុទ្ធដ៏ឆ្នើម លំដាប់ពិភពលោក Lionel Messi បានធ្វើអោយសំបុត្រនៃការប្រកួតរបស់ក្រុម INTER MIAMI មានការកើនឡើងគួអោយកត់សម្គាល់ ដែលមានតម្លៃរហូតដល់ £16,000 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun Football នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ។
កីឡាករអាហ្សង់ទីន វ័យ ៣៥ ឆ្នាំរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថា រូបគេបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹប MLS របស់ David Beckham ទោះបីជាមានការចាប់អារម្មណ៍ពី Barcelona និង Saudi Arabia ក៏ដោយ។ Lionel ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Leagues Cup របស់ Miami ជាមួយ Cruz Azul នៅថ្ងៃទី២១ ខែកក្កដា។
ហើយយោងទៅតាម The Miami Herald សំបុត្រសម្រាប់ការប្រកួតបានកើនឡើងគួរឱ្យកត់សម្គាល់ 1,034 ភាគរយជាមួយនឹងតម្លៃថ្លៃបំផុតដែលបានចុះបញ្ជីនៅលើ StubHub រហូតដល់ £16,000 ។ Miami ក៏គ្រោងនឹងបង្កើនទំហំកីឡដ្ឋានរបស់ពួកគេដល់ 22,000 កៅអីនៅខែសីហា ដែលជាការកើនឡើងចំនួន 3,000កៅអី ក្រោយពីវត្តមានរបស់កំពូលខ្សែប្រយុទ្ធដ៏ឆ្នើម Messi នឹងអូសទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងច្រើន ។
សូមបញ្ជាក់ថា Messi នឹងផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយ Miami ក្រោយពេលកិច្ចសន្យាផុតកំណត់នៅចុងខែនេះ ជាមួយ Paris Saint-Germain ៕
ប្រភព The Sun Football