ពិធីប្រគល់មេដាយមាសអូឡាំពិក ដល់អត្តពលិកកីឡាស្គីត្រូវផ្អាក បន្ទាប់ពីសមាជិកក្រុមម្នាក់ធ្វើតេស្តរកឃើញសារធាតុញៀន
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា អ្នកជិះស្គីវ័យជំទង់ជនជាតិរុស្សីម្នាក់ បានធ្វើតេស្តវិជ្ជមាន សារធាតុហាមឃាត់ បន្ទាប់ពីពិធីប្រគល់មេដាយមាសអូឡាំពិក និងមិត្តរួមក្រុមត្រូវបានពន្យាពេល ដែលអាចពាក់ព័ន្ធដល់ផ្លូវច្បាប់ ។
កាសែត RBC និង Kommersant ផ្សាយថា Kamila Valieva អាយុ 15 ឆ្នាំបានធ្វើតេស្តវិជ្ជមានចំពោះថ្នាំ Trimetazidine ដែលជាធម្មតាត្រូវបានគេប្រើដើម្បីព្យាបាលការឈឺទ្រូង ប៉ុន្តែត្រូវបានចុះបញ្ជីជាសារធាតុហាមឃាត់ដោយស្ថាប័នប្រឆាំងសារធាតុញៀនពិភពលោក ។
ដំណឹងនេះបានបែកធ្លាយនៅពេលរាត្រីក្នុងទីក្រុងប៉េកាំង បន្ទាប់ពីក្រុមគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) បានឈ្នះព្រឹត្តិការណ៍ក្រុមជិះស្គីលើទឹកកកកាលពីថ្ងៃច័ន្ទ ដែលឈានមុខសហរដ្ឋអាមេរិក និងជប៉ុន ។
យោងតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀនរបស់សហរដ្ឋអាមេរិក TMZ អាចត្រូវបានប្រើប្រាស់ដោយអត្តពលិក ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ជាពិសេស នៅក្នុងកីឡាស៊ូទ្រាំ ។ វាស្ថិតនៅក្នុងបញ្ជីរបស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) នៃសារធាតុហាមឃាត់ ចាប់តាំងពីខែមករា ឆ្នាំ២០១៤ ៕
ប្រភព ៖ Daily Mail Sport