ឯកឧត្តម អ៊ុក សិទ្ធិជាតិ បញ្ជាក់ថា មន្ត្រីអាជ្ញាកណ្តាល ចៅក្រម មានតួនាទីសំខាន់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា
សហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអត្តពលកម្មអន្តរជាតិកម្រិត១ រយៈពេល៥ថ្ងៃពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខកាមចំនួន២៥នាក់ ក្រោមការបង្ហាត់បង្រៀនពីលោក VALSON CUDDIKOTTA ជាគ្រូឧទ្ទេសកម្រិតអាស៊ី មកពីប្រទេសឥណ្ឌា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសង្គមជាតិ ដោយយើងត្រូវការចំាបាច់នូវធនធានមនុស្ស ។ ចំពោះធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម នៅក្នុងវគ្គនេះ ក៏មានសារៈសំខាន់ដូចគ្នាផងដែរ ដើម្បីអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះ ។ «ដូច្នេះមន្ត្រីអាជ្ញាកណ្តាល ចៅក្រមទាំងអស់មានតួនាទីសំខាន់ណាស់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនេះ» ។
ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត គូសបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់ពេលមួយជាងមួយឆ្នាំ ដូច្នេះដើម្បីចូលរួមដឹកនាំគ្រប់គ្រង រៀបចំការប្រកួតក្នុងកម្រិតតំបន់បែបនេះបានលុះត្រាតែទាំងអស់គ្នាខិតខំឲ្យខ្លាំងក្លា ពីព្រោះថា ប្រភេទកីឡាអត្តពលកម្មមិនធ្លាប់ធ្វើម្ចាស់ផ្ទះ កម្រិតតំបន់នោះទេ ។ ដូច្នេះតាមរយៈវគ្គបណ្តុះបណ្តាល ក្រោមការចែករំលែកចំពោះដឹងពីគ្រូឧទ្ទេសកម្រិតអាស៊ីនេះ ឯកឧត្តមសង្ឃឹមថា មន្ត្រីអាជ្ញាកណ្តាល ចៅក្រមទាំងអស់នឹងអាចមានសមត្ថភាពរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះបាន ។
ប្រធានសហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្តសង្កត់ធ្ងន់ថា «ខ្ញុំគិតថា ដើម្បីពង្រឹងឲ្យអាជ្ញាកណ្តាល ចៅក្រមមានបទពិសោធកាន់តែច្រើន គឺយើងត្រូវការចូលរួមការប្រកួតឲ្យបានច្រើន នៅក្នុងស្រុក និងកំពុងស្នើសុំបញ្ជូនមន្ត្រីយើងមួយចំនួនទៅស្រង់បទពិសោធពីក្នុងការប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម មុនឆ្ពោះមកស៊ីហ្គេម បន្តវេន លើកទី៣២ នៅកម្ពុជាយើង» ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ លើកឡើងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅចម្បងៗមួយចំនួន ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្សទាំងមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីស្វែងរកធនធានមនុស្សឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពខ្ពស់ៗ ។ ចំពោះការពាក់ព័ន្ធនឹងការប្រកួត ពីមុន អង្គភាពជំនាញក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡា ជាអ្នករៀបចំ ប៉ុន្តែដើម្បីសម្រួចគោលដៅអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានផ្ទេរភារកិច្ច នៃការរៀបចំការប្រកួតនេះជូនទៅសហព័ន្ធកីឡាជាតិនានាជាអ្នករៀបចំដោយខ្លួនឯង ។
ចំពោះកំណែទម្រង់សំខាន់មួយទៀត គឺការពង្រឹងគុណភាពសហព័ន្ធកីឡាជាតិ ក្រសួងក៏បានផ្តល់ជូនកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំនីមួយៗ ទៅដល់សហព័ន្ធសាម៉ី ដើម្បីដំណើរការអភិវឌ្ឍឲ្យមានភាពរឹងមាំដោយខ្លួនឯង ៕