កីឡាអូឡាំពិករដូវរងា ចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី៤កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួម ពីបណ្តាថ្នាក់ដឹកនាំនានាលើពិភពលោក នាក្រុងប៉េកាំង ប្រទេសចិន
កីឡាអូឡាំពិករដូវរងា បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៤កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួម ពីបណ្តាថ្នាក់ដឹកនាំនានាលើពិភពលោក ។ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានយាងចូលរួមក្នុងពិធីបើកថ្ងៃសុក្រទី៤កុម្ភៈនេះ ជាមួយនឹងបណ្តាឥស្សរជននយោបាយកំពូលៗរបស់ពិភពលោក។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថាព្រះរាជវត្តមានព្រះមហាក្សត្រខ្មែរ ក្នុងការយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាទីក្រុងប៉េកាំង មិនត្រឹមតែជាការផ្ដល់កិត្តិយសដល់ម្ចាស់ផ្ទះ និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិននោះទេ តែក៏ជាការពង្រឹងខាងផ្នែកវិស័យកីឡាផងដែរ ។ លោក វ៉ាត់ ចំរើន បានថ្លែងទៀតថា ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រខ្មែរ ក៏ជាសញ្ញាណបញ្ជាក់នូវការយកចិត្តទុកដាក់ និងការគាំទ្រពិសេសរបស់កម្ពុជា ចំពោះប្រទេសម្ចាស់ផ្ទះ គឺសាធារណៈរដ្ឋប្រជាមានិតចិន ហើយព្រះរាជវត្តមានព្រះអង្គ ក៏ជាការគាំទ្រនយោបាយ ដើម្បីឱ្យប្រទេសជាម្ចាស់ផ្ទះបានទទួលជោគជ័យ ក្នុងន័យថាជោគជ័យ ទាំងអស់គ្នា ក្រោមពាក្យស្លោក រួមគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ» ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាទីក្រុងប៉េកាំង បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៤កុម្ភៈនេះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយអត្តពលិកសរុប២ពាន់៨៧១នាក់ មកពី៩១ប្រទេសលើពិភពលោកចូលរួម ។ ព្រះ មហាក្សត្រខ្មែរ នៅក្រោយយាងចូលរួមពិធីបើកការប្រកួតផ្លូវការហើយ ព្រះអង្គគ្រោងយាងត្រឡប់មកកាន់មាតុ ភូមិវិញ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ។