សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស
នាព្រឹកថ្ងៃទី ០៧ខែ កុម្ភៈ ឆ្នាំ ២០២១ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ក្រោមការដឹកនាំរបស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោង នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ដោយវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ដោយក្នុងនោះនឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកមួយដែលមានប្រជាប្រិយភាពនៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក និងមានប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិចចំនួន ០៨ប្រទេសចូលរួម ។
ក្រោយពីការធ្វើជាម្ចាស់ ផ្ទះ ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យជាទីមោទន សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន និងចំនុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ត្រូវសិក្សាស្វែងយល់ បន្ថែម។
ក្នុងឱកាសនេះ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ដើម្បីអោយកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសមានចំណេះជំនាញកំរិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជន បានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។
មន្រ្តីបច្ចេកទេសសម្រាប់រៀបចំការប្រកួតគឺពិតជាមានសារៈសំខាន់ណាស់លើការរៀបចំការប្រកួតយ៉ាងណាអោយមានគុណភាព និងស្របតាមច្បាប់ដែលសហព័ន្ធអន្តរជាតិបានកំណត់ រួមទាំងមានតម្លាភាពក្នុងការប្រកួតដល់កីឡាករដែលចូលរួមគ្រប់រូប ។
វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះមានសិក្ខាកាមសរុបចំនួន ២៥រូប ស្រី ១រូប ដោយផ្តោតសំខាន់ទៅលើ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ៖
១.ទ្រឹស្តី ៖ ប្រវត្តិនៃកីឡាទូកក្តោង សម្ភារៈប្រើប្រាស់សំរាប់រៀបចំការប្រកួត ក្បួនខ្នាតនៃទីលានប្រកួត ការប្រើប្រាស់សញ្ញាផ្សេងៗ និងបទបញ្ញាត្តិនៃការប្រកួត ។
២.ការអនុវត្ត ៖ អនុវត្តផ្ទាល់ដោយរៀបចំជាការប្រកួតមួយ និងមានការពន្យល់ផ្ទាល់នៅលើទឹក ។