កីឡាករល្បីជាច្រើនសញ្ជាតិអ៊ុយក្រែន ស្ម័គ្រចិត្តធ្វើទ័ពជួរមុខ ប្រឆាំងជាមួយកងទ័ពរុស្ស៊ី
អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Wladimir Klitschko និង Vitali Klitschko និងកីឡាករ Vasy Lomachenko ម្ចាស់ខ្សែក្រវាត់៣ប្រភេទទម្ងន់ រួមទាំងកំពូលអ្នកប្រដាល់ Oleksandr Usyk របស់អ៊ុយក្រែនទាំងអស់ បានប្រកាសចូលធ្វើទាហាន និងស្ម័គ្រចិត្តចូលទ័ព នៅទីក្រុងគៀវ ដើម្បីប្រឆាំងជាមួយកងទ័ពរុស្ស៊ី ។ បន្ទាប់ពីអ្នកប្រដាល់ និងអ្នកកីឡាជាច្រើនបានសម្រេចចិត្តបោះបង់ក្ដីសុខខ្លួនឯង ចូលធ្វើទ័ពជួយប្រទេសជាតិមក ពេលនេះ Oleksandr Usyk ក៏មិនអាចនៅសុខបានដែរ ។
Oleksandr Usyk ស្នាក់នៅ ប្រទេសអង់គ្លេស តែក្រោយដឹងថារុស្ស៊ីវាយលើប្រទេសខ្លួនភ្លាម កីឡាកររូបគេក៏ហោះមកអ៊ុយក្រែនវិញ ដើម្បីចូលរួមប្រយុទ្ធជាមួយសមមិត្តឯទៀតតែម្ដង ។ Oleksandr នឹងចូលកាន់កាំភ្លើងយន្ដនៅជួរមុខតែម្ដង ដើម្បីការពារការរុលមកមុខរបស់កងទ័ពរុស្ស៊ីដែលកំពុងព្យាយាមវាយយកទីក្រុងគៀវ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ប្រជាជនអ៊ុយក្រែន ទាំងចាស់ ទាំងក្មេង ទាំងប្រុស ទាំងស្រី ទាំងអ្នកល្បី និងមិនល្បី សុទ្ធតែស្ម័គ្រចិត្តចូលកាន់កាំភ្លើងស៊ូរស្លាប់លើសរមភូមិ៕