ក្រុមបាល់ទាត់បុរសកម្ពុជាស្ថិតនៅពូល B ខណៈក្រុមនារីស្ថិតនៅពូល A ក្នុងស៊ីហ្គេម ២០២២ នៅវៀតណាម
ហាណូយ៖ ការចាប់ពូលសម្រាប់ប្រភេទកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ិអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម វិញ្ញាសាបុរស-នារី បានបញ្ចប់ការចាប់ឆ្នោតបែងចែក ពូលរួចរាល់ហើយនៅ ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នាទីក្រុងហាណូយ។
ជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវស្ថិតនៅពូល B ដែលមានក្រុម U-23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ រួមពូលជាមួយ។ ដោយឡែកក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះវៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ចំពោះការប្រកួត វិញ្ញាសាបាល់ទាត់បុរស នឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែឧសភា ខណៈ U-23 កម្ពុជា នឹងប្រកួតបើកឆាកនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U-23 ឡាវ។ រីឯជម្រើសជាតិនារីកម្ពុជា នឹងប្រកួតបើកឆាកនៅថ្ងៃទី០៩ ខែឧសភា ដូចគ្នា ដោយនឹងត្រូវជួបក្រុមខ្លាំង ហ្វីលីពីន។
សម្រាប់បាល់ទាត់ក្នុងសាលវិញ វិញ្ញាសាបុរស មាន ៥ក្រុមចូលរួមដែលមាន វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ស្របពេលដែលវិញ្ញាសាបាល់ទាត់ក្នុងសាលនារី ក៏មាន ៥ក្រុមចូលរួមដូចគ្នាផងដែរពោលគឺ វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ កម្ពុជា ពុំចូលរួមក្នុងវិញ្ញាសាបាល់ទាត់ក្នុងសាលនេះឡើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ (SEA Games 31) ឆ្នាំ២០២២ នៅវៀតណាម គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី១២ ខែឧសភា និងបិទនៅថ្ងៃទី២៣ ខែឧសភា ជាមួយនឹងការប្រកួតលើ ៤០ប្រភេទកីឡា។ បាល់ទាត់នឹងចាប់ផ្ដើមមុនពិធីបើក ១សប្ដាហ៍ ពោលគឺនៅថ្ងៃទី០៦ ខែឧសភា៕