Harry Maguire ទទួលបានសារគម្រាមកំហែងថាមានបង្កប់គ្រាប់បែកក្នុងផ្ទះ
បាល់ទាត់ ៖ ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករអង់គ្លេស Harry Maguire បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានការគំរាមកំហែងគ្រាប់បែក។
ប៉ូលីស Cheshire ជាមួយសត្វឆ្កែ sniffer ត្រូវបានបញ្ជូនទៅផ្ទះដែល Maguire រស់នៅជាមួយគូដណ្តឹង Fern Hawkins និងកូនស្រីពីរនាក់របស់ពួកគេ។ការព្រមានបានកើតឡើងតាមរយៈអ៊ីមែលថា គ្រាប់បែកមួយនឹងត្រូវបានគេដាក់នៅផ្ទះរបស់ប្រធានក្រុម United។
អ្នកនាំពាក្យរបស់ Maguire បាននិយាយថា “ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ Harry បានទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ”គាត់បានរាយការណ៍រឿងនេះទៅប៉ូលីសដែលឥឡូវនេះកំពុងពិនិត្យមើលរឿងនេះ។ “គាត់នឹងបន្តរៀបចំសម្រាប់ការប្រកួតចុងសប្តាហ៍នេះជាធម្មតា ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយលម្អិតបន្ថែមទៀតទេនៅពេលនេះ”។
ក្រុមយក្សរបស់ Manchester កំពុងតែទទួលរងនូវទម្រង់លេងដ៏អាក្រក់ ហើយបានចាញ់ក្រុមគូប្រជែង Liverpool 4-0 កាលពីថ្ងៃអង្គារ។ ថ្ងៃនេះក្លឹបបានតែងតាំង Erik ten Hag ជាអ្នកចាត់ការអចិន្ត្រៃយ៍ថ្មី ដែលនឹងចូលកាន់តំណែងនៅរដូវក្តៅ។
Maguire និងកូនក្រុមផ្សេងក្នុងក្រុម United តែងតែទទួលការគម្រាមកំហែងស្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ដោយសារតែគាត់ជាប្រធានក្រុម និងបានរងនូវទម្រង់លេងមិនសូវល្អ Maguire បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕
ប្រភព ៖ The Sun