កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា Jessa Khan និងឪពុក ព្រមទាំងលោកយាយរបស់នាង បានមកដល់ប្រទេសកម្ពុជាដោយសុវត្តិភាព នាព្រឹកថ្ងៃទី០៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។
ម្ចាស់មេដាយមាសកីឡាអាស៊ី រូបនេះ បានសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដ្បិតខកខានមកទីនេះរយៈពេល៣ឆ្នាំ គ្រាដែលកីឡាការិនីរូបនេះ ក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី២ ក្នុងអាជីពរបស់ខ្លួន ។ Jessa Khan បានលើកឡើងក្នុងកិច្ចសម្ភាសន៍ដូច្នេះថា ៖«ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ វាមានរយៈពេល ៣ឆ្នាំហើយដែលខ្ញុំមកទីនេះលើកចុងក្រោយ ហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញ និងបានឃើញអ្នករាល់គ្នា»។ នេះជាលើកទី៣ ដែលប្រកួតតំណាងកម្ពុជា ២លើក នៅស៊ីហ្គេម ខ្ញុំពិតជារីករាយ ជាពិសេសឪពុករបស់ខ្ញុំដែលតែងតែនៅជាមួយខ្ញុំ នឹងបង្ហាត់ខ្ញុំ។
លោក Peter Khan បានបង្ហាញអារម្មណ៍រំភើប ដែលកូនស្រីអាចបន្តចូលរួមប្រកួតតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយខ្ញុំដែលមិនធ្លាប់ធ្វើបានល្អ ក្នុងនាមជាកីឡាករ ប៉ុន្តែពេលនេះ Jessa Khan អាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ៣ដងមកហើយ នេះជាកិត្តិយសដែលនាងបានធ្វើឲ្យគ្រួសារ ក៏ដូចជាកម្ពុជា មានមោទកភាព ហើយយើងកំពុងទន្ទឹងរង់ចាំជាមួយលទ្ធផលល្អប្រសើរ ដើម្បីឈ្នះមេដាយមាស ។
គួររម្លឹកថា កីឡាការិនីខ្មែរ-អាមេរិករូបនេះ បានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ ហើយថ្មីៗនេះកីឡាការិនី Jessa Khan ទើបតែបានប្រកួតឈ្នះខ្សែក្រវាត់ខ្មៅ ក្នុងការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក ៕