កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១

Detail Top Banner

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។


បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍រៀបចំមហាសន្និបាតខាងលើ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការត្រួតពិនិត្យការងាររបស់គ្រប់គណៈកម្មការជំនាញ ពិសេសពាក់ព័ន្ធការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងដោះស្រាយគ្រប់បញ្ហាបន្ដិចបន្ដួច ក្រោមកិច្ចសហការ រវាងគណៈកម្មការអន្ដរក្រសួង ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌជ្រោយចង្វារ ដើម្បីធានាបានការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ សុវត្ថិភាព និងភាពកក់ក្ដៅ ដល់ភ្ញៀវចូលរួមទាំងអស់។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថាជាក់ស្ដែងក្រៅពីដំណើរការនូវមហាសន្និបាតខាងលើ ក៏នឹងមានរៀបចំនូវពិព័រណ៌ទេសចរណ៍ និងដំណើរទស្សនកិច្ចទស្សនាទេសចរណ៍ទៅតំបន់អង្គរផងដែរ។ គ្រប់ការងារទាំងអស់នេះ បានដំណើរការដោយរលូន និងល្អប្រសើរ ក៏ដោយសារភាពឈ្លាសវៃ និងបទពិសោធន៍ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ដែលបានធ្វើឲ្យក្រុមការងារមានភាពកក់ក្ដៅ និងមានភាពលម្អិត ក្នុងការងារបច្ចេកទេស នៃការរៀបចំ ហើយនឹងឃើញនូវភាពអស្ចារ្យមួយ នឹងកើតឡើងក្នុងមហាសន្និបាតនេះ ៕

រូបភាព Cambodia 2023

You might also like