ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពាក្យ កីឡាមួយ គុនខ្មែរ និង មួយថៃ

Detail Top Banner

ភ្នំពេញ៖ «កីឡាមួយ»មិនមែន«មួយថៃ (Muay Thai)»នោះទេ ប៉ុន្តែជា«គុនខ្មែរ (Kun Khmer) សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

ដោយសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ៖«នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា «កីឡាមួយ» ជាគុនខ្មែរ។ ក្នុងនេះគឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ»។

ឯកឧត្តមបានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាមួយអាស៊ី គឺមិនមែនមួយថៃ ហើយប្រធានរបស់សហព័ន្ធកីឡាមួយពិភពលោក គឺជនជាតិឡាវ ប៉ុន្តែក៏មិនមែនមួយថៃដែរ។ កម្ពុជាក៏មិនចូលរួមក្នុងសមាគមមួយថៃអន្ដរជាតិ (IFMA) នោះទេ។ កម្ពុជាមិនចូលរួមជាសមាជិកទេ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង មួយថៃ អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈមួយថៃ ប៉ុន្ដែបើថៃ ឬប្រទេសផ្សេងមកស្រុកខ្មែរវិញ ពួកគេត្រូវចូលរួមប្រកួតជាលក្ខណៈ គុនខ្មែរ។«នេះគឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ គឺយើងរក្សាអត្តសញ្ញាណរបស់យើង។ កាលណា គេប្រកួតកីឡាប្រដាល់គុនខ្មែរ សូម្បីតែប្រដាល់ Muay Thai ក៏ដោយនៅស្រុកខ្មែរ គឺត្រូវគោរពតាមឈ្មោះ និងគោលការណ៍ បទបញ្ជាប្រកួតរបស់ គុនខ្មែរ ហើយខ្មែរយើង ទៅប្រកួតក្រៅប្រទេស ដែលកីឡា Muay Thai គេអញ្ជើញ យើងប្រកួតធម្មតា យើងគ្មានការរើសអើងទេ។ យើងចូលរួមប្រកួត ដើម្បីបង្កើនសមត្ថភាព និងការងារបច្ចេកទេស ប៉ុន្ដែយើងមិនមែនជាសមាជិករបស់ Muay Thai ទេ។ យើងគ្រាន់តែជាសមាជិករបស់កីឡាមួយ គឺមិនមែន Muay Thai»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់។

ឯកឧត្តមបានបន្តថា ពាក្យថា Muay នៅប្រទេសឡាវ ក៏ហៅ Muay ដែរ។ កម្ពុជាបានធ្វើការតវ៉ាក្នុងការរក្សាអត្តសញ្ញាណរបស់គុនខ្មែរ លើគ្រប់វេទិកាទាំងអស់ នៃការចរចាគ្នា ហើយកម្ពុជាអត់ដែលចូលរួមជាមួយទេចំពោះការឯកភាពទៅលើពាក្យថា Muay Thai ដាក់នៅក្នុងការប្រកួតកីឡាស៊ីហ្គេមទេ។ កម្ពុជាគាំទ្រដាក់ថា ពាក្យ Muay មានន័យថា ប្រដាល់ ប៉ុន្ដែវាមានជាភាសារបស់ថៃ និងឡាវ ដែលហៅដូចគ្នា។ប៉ុន្ដែក៏មានអង្គការគ្រប់គ្រងខុសគ្នាដែរ Muay Thai គឺគ្រប់គ្រងដោយសហព័ន្ធមួយថៃអន្ដរជាតិ ។ ចំណែកកីឡាមួយ នៅថៃ មានសហព័ន្ធកីឡាមួយពិភពលោកមួយទៀត។ «ហើយយើងបង្កើតសហព័ន្ធកីឡាមួយពិភពលោក និងអាស៊ីនេះ គឺមានប្រទេសចូលរួមទាំងអស់ ហើយយើងប្រកាន់យកពាក្យ «មួយ» ជាមួយពាក្យថា «គុនខ្មែរ» ក្នុងរង្វង់នៃការការពារអត្តសញ្ញាណរបស់យើងនៅក្នុងស្រុកខ្មែរ។ រាល់ការប្រកួតនៅក្នុងស្រុក គឺយើងយកទម្រង់នៃការប្រកួតគុនខ្មែរ និងឈ្មោះ គុនខ្មែរ ដោយយកពាក្យក្នុងភាសាច្បាប់របស់ស៊ីហ្គេម ដែលគេដាក់ឈ្មោះថា កីឡា Muay»។«អីចឹង សូមឲ្យមតិសាធារណៈទាំងអស់ មេត្ដាយោគយល់ថា យើងការពារ និងថែរក្សាអត្តសញ្ញាណរបស់យើងជារាងរហូត មិនឲ្យមានការប៉ះពាល់ទេ។ សូមជនរួមជាតិ មេត្ដាយោគយល់ក្នុងការងារនេះ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការសូមថ្លែងអំណរគុណ ដល់ការយកចិត្តទុកដាក់ និងការចូលរួមអភិរក្ស និងអភិវឌ្ឍគុនខ្មែររបស់ពលរដ្ឋទាំងអស់។ កម្ពុជាធ្វើការអភិរក្ស ដើម្បីអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស រក្សាអត្ដសញ្ញាណក្បាច់គុនព្រលឹងជាតិរបស់ខ្មែរគឺគុនខ្មែរ ។ សូមថ្លែងអំណរគុណ ដល់មហាជន ដែលតែងខ្វល់ខ្វាយ ក៏ដូចជាការរិះគន់ ប្រកបដោយការស្ថាបនាទាំងអស់នេះ៕

You might also like