សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកមហាសន្និបាត OCA គឺជាពេលវេលាដ៏សំខាន់សម្រាប់កម្ពុជា ដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។ សម្ដេចបានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ថ្នាក់ដឹកនាំ និងសមាជិកចលនាអូឡាំពិកអាស៊ី និងពិភពលោក ដែលមានវត្តមានចូលរួមមហាសន្និបាតនេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងអរគុណក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលបានផ្ដល់សេចក្ដីទុកចិត្ដ និងគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតខាងលើ នៅកម្ពុជា ហើយសម្ដេចបានចាត់ទុកការជួបជុំ ក្នុងមហាសន្និបាតនេះ គឺជាពេលវេលាមួយដ៏ល្អ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការជួបជុំនៃមហាសន្និបាត លើកទី៤១ នៅកម្ពុជានេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញ នៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ២០២៣ កម្ពុជាត្រូវផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការប្រកួតកម្រិតអន្ដរជាតិដ៏ធំនេះ នៅព្រះរាជាណាចក្រកម្ពុជា»។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ដថា ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្ដិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្ដិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនា សន្ដិសុខតំបន់ ការអភិវឌ្ឍ និងវិបុលភាពរួម។
សម្ដេចតេជោបានសង្កេត់ធ្ងន់ថា «វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។ ជាងនេះទៀត វិស័យកីឡា ក៏ជាឱកាសផ្ដល់នូវការផ្លាស់ប្ដូរ លើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លះ បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ»។
«ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡា ក្នុងកម្រិតអន្ដរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឲ្យកាន់តែស្រលាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្ដរជាតិ របស់ប្រទេសចូលរួមនៅលើឆាកអន្ដរជាតិផងដែរ»។«កីឡា ក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អ នៃធនធានមនុស្ស ដែលជាកត្ដាកំណត់ដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្ដការសិក្សាបន្ថែមពេញមួយជីវិត ដែលរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកទេសជាប្រចាំ ព្រមទាំងរួមចំណែកដល់ជីវភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលមានគុណភាព និងផលិតភាពខ្ពស់»។«ជារួម វិស័យកីឡា ដើរតួនាទីសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងមានសុភមង្គល ក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលការណ៍នេះ រួមចំណែកដល់សុខដុមនីយកម្មរវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្ដិភាព ក្នុងសង្គមទាំងមូល»។ នេះគឺជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកមហាសន្និបាត OCA លើកទី៤១ ខាងលើ៕