ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគិរីសួគ៌

Detail Top Banner

ភ្នំពេញ ៖ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃឈរកំពូលតាងមេដាយ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញដោយដណ្តើមបានមេដាយមាសបានច្រើនជាងគេពីការប្រកួត កីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគិរីសួគ៌ ។


ដែលពិធីបិទការប្រកួតទទួលបានការផ្តល់កិត្តិយសពីឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាសជីវៈ, ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោកអគ្គនាយកក្រុមហ៊ុន គិរីសួគ៌ហ្វាម កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាសជីវៈ បានថ្លែង កោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត ក្រុមការងារ ក្មួយៗកីឡាករ កីឡាការនីទាំងអស់ដែលបានខិតខំហ្វឹកហាត់នៅតាមបណ្តាក្លិបនានា និងរួមចំណែកយ៉ាងសកម្មធ្វើឱ្យការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកយុវជនគិរីសួគ៌ប្រព្រឹត្តទៅដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់យោបល់ឱ្យកីឡាករ កីឡាការនី ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់បង្កើនសមត្ថភាពហ្វឹកហាត់ឱ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះឱ្យបានលទ្ធផល និងមេដាយមាសច្រើនទៀតជូនជាតិមាតុភូមិ។


ឯកឧត្តមបានបន្ថែមទៀតថា មន្ត្រី គ្រូបង្វឹក កីឡាករជម្រើសជាតិទាំងអស់កុំឱ្យភ្លេចខ្លួនថាយើងកំពុងតែមានបេសកកម្មរួមមួយ ដែលវាមានតម្លៃជាប្រវត្តិសាស្ត្រហើយមិនអាចថ្លៃបាន សម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង។ «គ្រប់គ្នាដែលនៅទីនេះ ទាំងថ្នាក់ដឹកនាំសហព័ន្ធ ក្រុមហ៊ុនឯកជន អ្នកសារព័មាន ប្អូនៗ ក្មួយៗ សុទ្ធតែជាចំណែក ជាកម្លាំង ចលករដែលមិនអាចខ្វះបាន ដែលរុញច្រានការប្រកួតកីឡាស៊ីហ្គេមរបស់យើងទទួលបានជោគជ័យ»។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជនទាំងអស់រួមគ្នាផ្សព្វ ផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានផុសផុល ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ប្រជាជនម្នាក់លេងកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធបានបង្ហាញលទ្ធផលបច្ចេកទេសជ័យលាភីលើ១០វិញ្ញាសានេះថា ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ១, លេខ២ ក្លិបសែនសុខ មេដាយមាស៣ និងសំរឹទ្ធ៣ ខណៈលេខ៣ ក្លិបសម្បត្តិមន្នី មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ៤។ រីឯលេខ៤ ក្លិបក្រសួងការពារជាតិ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២ ស្របពេលដែលក្លិបតាឡី ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ខណៈ៤ក្លិបផ្សេងទៀតឈរនៅលេខរៀងបន្តបន្ទាប់៕

You might also like