ឃីម បូរ៉ា មិនទទួលការប្រកួតជាប់អាទិត្រ ទុកពេលត្រៀមខ្លួនសំលៀងអាវុធស្វាគមន៍ ពេជ្យ សម្បត្តិ

Detail Top Banner

ប្រដាល់ ៖ ដោយសារតែមានការផុសផ្គូផ្គង ពីបណ្តាលផេកអ្នកគាំទ្រប្រដាល់ជាច្រើន នឹងពេលកន្លងទៅ ពេជ្យ សម្បត្តិ ក៏ធ្លាប់ចេញមុខ និយាយថា ចង់ប៉ះសិស្សច្បង ឃីម បូរ៉ា ដើម្បីដកស្រង់បទពិសោធន៍ រៀនសូត្រផងនោះ ។ ប៉ុន្តែកាលនោះបំណងចង់ជួប សិស្សច្បង មិនបានសម្រេចនោះទេ ក៏ព្រោះតែ ឃីម បូរ៉ា ជាប់ភារកិច្ចហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេម ក្នុងនាមម្ចាស់ផ្ទះ ។

ឆ្លើយតបនឹងសំនួរនៅក្នុងបទសម្ភាសន៍តាមអនឡាញនាពេលថ្មីៗនេះ ឃីម បូរ៉ា បានអោយដឹងថា «តាំង​ពី​បញ្ចប់​បេស​ក​កម្ម​ដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​កន្លង​មក​​ដល់​​ពេល​នេះ ខ្លួនទើបតែឡើងសង្វៀនបាន៣ប្រកួតប៉ុណ្ណោះដែលធ្វើអោយរូបគេ គិតថា ជាចំនួន​ប្រកួត​ដែល​តិច​តួច​ ។ ចំពោះការចេញប្រកួតតិចបែបនេះ ត្រូវបានឃីម បូរ៉ា ទម្លាយថា ដោយ​សារស្ថា​នីយ​ទាក់​ទង​មក​អោយឡើងប្រកួតជាប់អាទិត្រ ដែលធ្វើអោយរូបគេ មិនអាចទទួល​យក​ការ​ប្រកួតនោះ​បាន ព្រោះ​ការ​ប្រកួត​ញឹកញ៉ាប់ជាប់អាទិត្របែបនេះ អាចធ្វើអោយការត្រៀមខ្លួនមិន​សូវ​បាន​ល្អ អាចធ្វើ​អោយ​កម្លាំង​មាន​ការ​ធ្លាក់ចុះ ម្យ៉ាងវិញទៀតបារម្ភណ៍ ខ្លាចខូចដៃ ខូចជើង នាំតែពិបាក​តែ​ខ្លួន​ឯង » ។

ចំពោះការប៉ះពេជ្រ សម្បត្តិ ត្រូវបានឃីម បូរ៉ា បញ្ជាក់ថា ជាការពិតនាពេលឆាប់ៗខាងមុខនេះ ។ បើទោះបីលឺដំណឹងថា ពេជ្រ សម្បត្តិ សមត្ថភាពមានការកើនឡើងខ្លាំងយ៉ាងណាក្តី ប៉ុន្តែសម្រាប់ឃីម បូរ៉ា មិនបានខ្វាយខ្វល់តាមដានការប្រកួតរបស់ដៃគូនោះទេ ដោយអ្នកប្រដាល់លំដាប់ជួមុខ ក្នុងប្រភេទ​ទម្ងន់​៦០គីឡូ រូបនេះ និយាយថា អ្វីដែលខ្លួនត្រូវធ្វើគឺការខិតខំប្រឹង​ប្រែងហ្វឹកហាត់​អោយបាន​គ្រប់​គ្រាន់​គឺ​ប៉ះ​នាក់ណាក៏បាន សំខាន់ចាំសិក្សាដៃគូប្រកួតពេលឡើងសង្វៀនតែម្តង ។ អ្នកប្រដាល់ល្អគ្រប់​គ្រឿងរូបនេះ បញ្ជាក់ថា «មូលហេតុដែលរូបគេមិនខ្វល់តាមដានដៃគូមុនប្រកួត ចាំ​សិ​ក្សា​​ផ្ទាល់លើសង្វៀន ព្រោះកីឡាករខ្លះ ពេលប្រកួតកន្លងទៅប្រើបច្ចេកទេសផ្សេង តែពេលជួប​យើង​គេ​ប្រើ​បច្ចេកទេសផ្សេង បើយើងផ្តោតតែលើក្បាច់ដែលគេធ្លាប់ប្រកួតរាល់ដង នោះអាចនឹងធ្វើអោយយើ​ង​ពិបាកទប់ទល់ជាមួយគេ »។សម្រាប់ការប្រកួតមួយនេះជួបខ្មែរដូចគ្នាក៏ដោយ ក៏ឃីម បូរ៉ា ប្តេជ្ញានឹងខិតខំអោយអស់ពីសមត្ថភាព មិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះទេ ។

សូមបញ្ជាក់ថា អ្នកប្រដាល់រហ័ស្សនាម នាគមាស ឃីម បូរ៉ា មកពីខេត្តបន្ទាយមានជ័យ នឹងត្រូវជួបត​តាំង​​ជា​មួយ​ក្របី​ព្រៃ មុខដែក ពេជ្រ សម្បត្តិ ជាអ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺ ប្រកួតលក្ខណៈគុនខ្មែរ​៥ទឹក ១ទឹក៣នាទី ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ប្រើ​ហ្គង់ធំធម្មតា​ដណ្តើម​ខ្សែ​ក្រ​វ៉ាត់​​គ្រុ​ឌគុនខ្មែរ នាសង្វៀនទូរទស្សន៍ជាតិ នៅថ្ងៃទី៣ ខែកញ្ញា​ខាងមុខ​ឆាប់​ៗនេះ ។ ចំពោះការប៉ះគ្នានេះជាកា​រ​ប្រ​កួ​តដាក់ខ្សែក្រវ៉ាត់ ប្រសិនបើអ្នកណាឈ្នះនឹ​ងទទួល​បាន​ខ្សែ​ក្រវ៉ាត់គ្រុឌ២ យកទៅស្ពាយតែម្តង ៕

អត្ថបទ ៖ គោព្រៃ

 

You might also like