ពេជ្រ សម្បត្តិ ចាត់ទុកកីឡាករម្នាក់នេះជានិមិត្តរូបតាំងពីខ្លួនមិនទាន់ឡើងសង្វៀន
ប្រដាល់ ៖ អ្នកគាំទ្រប្រដាល់ជាច្រើនតែងតែយល់ឃើញថា ពេជ្រ សម្បត្តិជាកីឡាករវ័យក្មេងដែលចូលចិត្តប្រើកម្លាំងបាយក្នុងការប្រកួត ដោយសារជាក់ស្តែងការឡើងប្រកួតរបស់គេតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយប្រើរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះក៏ធ្វើអោយកេរ្តិ៍ឈ្មោះរបស់គេល្បីរន្ទឺពេញពិភពប្រដាល់គុនខ្មែរ ដោយសារការផ្តួលដៃគូអោយសន្លប់ជាបន្តបន្ទាប់ ភាគច្រើនគឺការប្រកួតរបស់គេជក់ចិត្តនឹងមិនចប់ទឹកនោះទេ ។
ប៉ុន្តែបងប្អូនដែលជាអ្នកគាំទ្រប្រដាល់ភាគច្រើន ប្រហែលជាមិនធ្លាប់បានដឹងនោះទេ ថាតើអ្នកលេងកម្លាំងបាយរូបនេះ ចាត់ទុកកីឡាកររូបណាជា និមិត្តរូប ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ បានបង្ហើបអោយដឹងថា កីឡាករដែលគេស្រលាញ់ នឹងចូលចិត្តមើលការប្រកួតជាងគេ នោះគឺសិស្សច្បង ឃីម បូរ៉ា ហើយរូបគេតែងតែតាមដានតាំងពីខ្លួនមិនទាន់មកហាត់ប្រដាល់ ។ អ្នកប្រដាល់វ័យក្មេងកំពុងឡើងជើង រូបនេះ បញ្ជាក់ថា ពីមុនមកមិនធ្លាប់គិតស្រមៃថា ខ្លួនអាចមានឱកាសឡើងប្រកួតជាមួយ និមិត្តរូបរបស់ខ្លួនអ្វីនោះទេ ដូច្នេះសម្រាប់ការប៉ះគ្នាជាមួយ ឃីម បូរ៉ា នាពេលខាងមុខនេះ រូបគេពិជា មានអារម្មណ៍សប្បាយរីករាយ នឹងមានមោទនៈភាពចំពោះខ្លួនឯងខ្លាំងមែនទែន ដែលអាចឈានជើងចូលក្នុងអាជីពគុនខ្មែរ ហើយថែមទាំងមានឱកាសសាកល្បងជាមួយរាមច្បង ។ ពេជ្រ សម្បត្តិ បញ្ជាក់ទៀតថា សម្រាប់ឱកាសដែលបានប៉ះ សិស្សច្បង នាពេលខាងមុខនេះ ខ្លួននឹងត្រៀមអោយបានល្អ សម្រាប់ទទួលយកបទពិសោធន៍ល្អៗ មកពង្រឹងចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត អោយកាន់តែរឹងមាំ ។
សូមជម្រាបថា អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺ ដែលមានរហ័ស្សនាមក្របីព្រៃ មុខដែក ពេជ្រ សម្បត្តិ នឹងត្រូវជួបតតាំងជាមួយ នាគមាស ឃីម បូរ៉ា មកពីខេត្តបន្ទាយមានជ័យប្រកួតលក្ខណៈគុនខ្មែរ៥ទឹក ១ទឹក៣នាទី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប្រើហ្គង់ធំធម្មតាដណ្តើមខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរ នាសង្វៀនទូរទស្សន៍ជាតិ នៅថ្ងៃទី៣ ខែកញ្ញាខាងមុខឆាប់ៗនេះ ។ ចំពោះការប៉ះគ្នានេះជាការប្រកួតដាក់ខ្សែក្រវ៉ាត់ ប្រសិនបើអ្នកណាឈ្នះនឹងទទួលបានខ្សែក្រវ៉ាត់គ្រុឌ២ យកទៅស្ពាយតែម្តង ៕
អត្ថបទ ៖ គោព្រៃ