អគ្គលេខាធិការកាយសម្ព័ន្ធ ជឿជាក់គ្រូបង្វឹកដែលទទួលបានការបណ្តុះបណ្តាល អាចប្រើចំណេះដឹងទៅចែករំលែកធនធានថ្នាលបន្តវេនប្រកបដោយប្រសិទ្ធភាព

Detail Top Banner

កំពង់ឆ្នាំង ៖ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជឿជាក់លើគ្រូបង្វឹកទាំងអស់ ដែលបានចូលរួមទទួលយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ នៅខេត្តកំពង់ឆ្នាំង រយៈពេល៥ថ្ងៃកន្លងមកនេះ នឹងអាចយកទៅប្រើប្រាស់អោយចំគោលដៅ ចែករំលែកចំណេះជំនាញ ដល់ធនធានថ្នាលបន្តវេន ប្រកបដោយប្រសិទ្ធភាព ។

ថ្លែងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល នៅក្នុងបរិវេនសាលាលេខ៥ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំ លោកណយ ផាណា បានបញ្ជាក់ថា​ បន្ទាប់​ពី​បង្ហាត់បង្រៀន​រយៈពេល​ ៥ថ្ងៃ​ពេញ​មក​នេះ​លោក​មើល​ឃើញ​ថា​ លោក​គ្រូ​ អ្នក​គ្រូ​ដែល​ជា​សិក្ខាកាម​មានការយល់ដឹង​ច្រើន​ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈវគ្គបណ្តុះបណ្តាលឆ្នាំនេះ ផ្តោតសំខាន់ទៅលើការអនុវត្តច្រើនជាទ្រឹស្តី ។​ អគ្គលេខាធិការរូបនេះ បន្តថា សម្រាប់អ្វីដែលសហព័ន្ធធ្វើឡើងនេះ និងមានគម្រោងរៀបចំឲ្យបានញឹកញាប់ ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាកាវិនីកាន់តែមានការយល់ដឹង លើបច្ចេកទេសជំនាញ និងលើកកម្ពស់គុណផលកម្រិតខ្ពស់ដល់កីឡាករ កីឡាការិនីនៃប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា ឈានទៅរកសក្តានុពល ឧត្តមភាព និងភាពជោគជ័យជូនប្រទេសជាតិមាតុភូមិពីការប្រកួតជាលក្ខណៈអន្តរជាតិនានា ។

ជម្រាប់ជូនថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹក នេះមានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពីបណ្តារាជធានី ខេត្ត ចំនួន៤ រួមមាន ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាលទ្ធផលក្នុងចំណោមសិក្ខាកាមសរុបទាំងអស់ គឺមាន១២នាក់ទទួលបាននិទ្ទេសល្អ ស្មើនឹង ៥៤,៥៤%, ៦នាក់ និទ្ទេសល្អបង្គួរ ២៧,២៧% និងនិទ្ទេសមធ្យម ៤នាក់ស្មើនឹង ១៨,១៨% ៕

 

You might also like