ការប្រកួតជើងឯកវ៉ូវីណាមថ្នាក់ជាតិ ឆ្នាំនេះចំរាញ់បានយុវជនខ្លាំងៗច្រើន ត្រៀមសម្រាប់ការប្រកួតសិស្សអាស៊ាន ខាងមុខ
(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំរាញ់បានយុវជនខ្លាំងៗជាច្រើន ជ្រើសរើសមកដុះខាតបន្ថែមជាមួយក្រុមជម្រើសជាតិ ត្រៀមសម្រាប់ការប្រកួតសិស្សអាស៊ាន ខាងមុខ ។ នេះបើតាមប្រសាសន៍របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា ។
បើតាមរបាយការណ៍របស់លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអោយដឹងថា ការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ មានរាជធានី/ខេត្ត ចំនួន១៣ កីឡាករ កីឡាការិនីសរុប ១២៨ នាក់ (ស្រី ៣៥នាក់) ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្អូនៗក្មួយៗថ្នាលជំនាន់ក្រោយប្រកួតប្រជែង ដើម្បីចម្រាញ់រកកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាសិស្សអាស៊ាន នៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនៅឥណ្ឌូណេស៊ី។ ការប្រកួតចែកជា២ផ្នែកធំៗ មាន ២២វិញ្ញាសា ដោយវិញ្ញាសាមេគុន មាន ១៣ និងវិញ្ញាសាប្រយុទ្ធ មាន ០៩។
ក្នុងឱកាសនោះលោកអ៊ូ រតនា ប្រធានសហព័ន្ធ បានថ្លែងអំណរគុណ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំ ដើម្បីបម្រើការងាររដ្ឋបាលសហព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ។ លោកប្រធាន ក៏បានរម្លឹកពីភាពជោគជ័យ នៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣កន្លងទៅ ដោយដណ្ដើមបានមេដាយជូនជាតិ សរុបចំនួន២៧គ្រឿង មាស១០ ប្រាក់៩ និងសំរឹទ្ធ៨ និងជោគជ័យការប្រកួតកីឡាវ៉ូវីណាមជើងពិភព នៅវៀតណាម ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមមេដាយសរុប ២០គ្រឿង មាស៦ ប្រាក់៥ និងសំរឹទ្ធ៩ ។ សមិទ្ធផលនេះ បានពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វិស័យឯកជន ដែលតែងតែជួយជ្រោមជ្រែង ផ្តល់ការគាំទ្រដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជារហូតរៀងមក។
គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសលើវិញ្ញាសាសរុបចំនួន២២ និងមានក្លឹបចំនួន ១៣ចូលរួម គឺក្រសួងការពារជាតិក្រសោបបានតំណែងលេខ១ ដោយដណ្តើមបានមេដាយសរុប ១៦គ្រឿង ក្នុងនោះមេដាយមាស ១២គ្រឿង ប្រាក់២ និងសំរឹទ្ធ២។ ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ៥ ខណៈក្លឹបវ៉ូវីណាមសែនសុខ ឈរនៅលេខ៣ ជាមួយមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៣ ៕