ក្រុមអត្តពលិកកីឡា ៤ ប្រភេទរបស់កម្ពុជាចេញដំណើរចូលរូមការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ នៅវៀតណាម

Detail Top Banner

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីសិស្សកម្ពុជា ៤ ប្រភេទរួមមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និងកីឡាវ៉ូវីណាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចាកចេញពីទីក្រុងភ្នំពេញ តាមរយៈរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសវៀតណាម ក្នុងគោលបំណងចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) ។ ដែលការចាកចេញទៅចូលព្រឹត្តិការណ៍ខាងលើ ក្រោមការដឹកនាំរបស់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ ជាប្រធានប្រតិភូដឹកនាំក្រុមកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។


បើតាមរបាយការណ៍របស់ប្រតិភូកីឡា ដឹកនាំបានអោយដឹង សម្រាប់សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាដែលបានបញ្ជូនចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើមានចំនួន ៤០រូបលើ ៤ប្រភេទកីឡាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Danang ប្រទេស វៀតណាម។


ប្រភេទកីឡាទំាង ៤ រួមមានប្រភេទកីឡាអត្តពលកម្មមានប្រតិភូកីឡាសរុបចំនួន ៦ រូប អ្នកដឹកនាំក្រុម ១រូប គ្រូបង្វឹក១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប ប្រកួតលើវិញ្ញាសា៖វិញ្ញាសាចម្ងាយ ១៥០០ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣០០០ ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣ ០០០ ម៉ែត្រនារី និងលោតចម្ងាយនារី សរុប ៤ វិញ្ញាសា។
ចំណែកប្រភេទកីឡាហែលទឹកមានប្រតិភូកីឡាសរុបចំនួន៦ រូប គ្រូបង្វឹក ២រូប កីឡាករ ២ រូប កីឡាការិនី២រូប ប្រកួតលើវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ វិញ្ញាសាហែល ១០០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលមេអំបៅ ៥០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលផ្ងារ Backstroke ៥០ ម៉ែត្រ ១០០ម៉ែត្របុរស- នារី និងវិញ្ញាសាហែល Breastroke ៥០ ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស-នារី សរុប ១៤ វិញ្ញាសា។


ប្រភេទកីឡាវាយសី មានប្រតិភូកីឡាសុរបចំនួន៧រូប គ្រូបង្វឹក២រូប និងកីឡាករ ៣រូប និងកីឡាការិនី២រូប លើវិញ្ញាសាវាយទោល បុរស-នារី វិញ្ញាសាវាយគួរ បុរស-នារី និងចម្រុះសរុប៩វិញ្ញាសា។រីឯ ប្រភេទកីឡាវ៉ូវីណាម មានប្រតិភូកីឡាសរុបចំនួន ១១ រូបដូចជា គ្រូបង្វឹក ២រូប កីឡាករ ៦រូប និងកីឡាការិនី ០៣រូប លើវិញ្ញា ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម បុរស ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម បុរស និងវិញ្ញាសាមេគុនសរុប ១៦ វិញ្ញាសា៕

 

You might also like