កីឡាករយូដូកម្ពុជា ទី ជីហាវ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងនៃ THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024
ភ្នំពេញ៖នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កីឡាករយូដូកម្ពុជា ទី ជីហាវ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាប្រភេទទម្ងន់ ៥០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ឆ្នាំ២០២៤ “THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024” នៅខេត្ត CHONBURI ប្រទេសថៃ។
លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា កីឡាករយូដូកម្ពុជា ទី ជីហាវ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងវិញ្ញាសាប្រភេទទម្ងន់ ៥០ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាករម្ចាស់ថៃ ដោយកីឡាករ ទី ជីហាវ ត្រូវអាជ្ញាកណ្តាល ៣ដង ហើយកីឡាករថៃមានមាឌជាងកីឡាករកម្ពុជា ទោះបីមានទម្ងន់ស្មើគ្នាក៏ដោយ។
នាពេលក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី ៥ នាក់បានចេញដំណើរចូលរួមការប្រកួត THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ារ វង្សវិបុល បានបន្ថែមថា ខេមរសហព័ន្ធយូដូបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ លោក សុខ ដារ៉ា គ្រូជំនួយជម្រើសជាតិ កីឡាករ ឈៀវ ឆវិន កីឡាករ ចន្ថា សំណាង កីឡាការិនី កែវ វ៉ាន់ខឿន កីឡាការិនី តុន ស្រីពេជ្រ កីឡាការិនី គុណ ស្រីនិច កីឡាការិនី ចេង ដាលីន កីឡាការិនី សេង គឹមលី កីឡាករ ទី ជីហាវ កីឡាករ ឃុំ រតនាសិលា កីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ៕