លោក ម៉ារ វង្សវិបុល៖ ខ្ញុំសប្បាយចិត្តជាងគេ គឺទង់ជាតិកម្ពុជាត្រូវបានគោរព ក្នុងពិធីបំពាក់មេដាយមាស ការប្រកួតជើងឯកយូដូអន្តរជាតិ នៅថៃ
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជាបានលើកឡើងថា ៖«អ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺទង់ជាតិកម្ពុជា និងភ្លេងជាតិកម្ពុជាត្រូវបានគោរព និងបន្លឺឡើង ក្នុងពិធីបំពាក់មេដាយមាស ២ដង នៅចំពោះមុខប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានាចូលរួមប្រកួតកីឡាយូដូ ជើងឯកអន្តរជាតិ ឆ្នាំ២០២៤ (THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024) នៅខេត្ត CHONBURI ប្រទេសថៃ»។
នេះជាការលើកបង្ហាញពីមោទកភាពជាតិ ក្នុងឱកាសដែលលោកគ្រូដឹកនាំកីឡាករ កីឡាការិនីយូដូជម្រើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ ដោយឈ្នះបានមេដាយសរុប ៨គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង ហើយបានវិលត្រឡប់មកដល់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ារ វង្សវិបុល គូសបញ្ជាក់ថា ៖«ខ្ញុំមានការបារម្ភច្រើនដែរ ដោយសារតែការចូលរួមប្រកួតនេះ ប្រតិកីឡាយូដូកម្ពុជាធ្វើដំណើរដោយរថយន្តចំពោះភាពអស់នឿយហត់អស់កម្លាំង ប៉ុន្តែតាមរយៈលទ្ធផលនេះ គឺកីឡាករ កីឡាការិនីកម្ពុជាយើងបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងទទួលបានមេដាយជូនជាតិប្រកបដោយភាពជោគជ័យ។ អ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺទង់ជាតិកម្ពុជា និងភ្លេងជាតិកម្ពុជាត្រូវបានគោរព និងបន្លឺឡើង ក្នុងពិធីបំពាក់មេដាយមាស ចំនួន២ដង នៅចំពោះមុខប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានាចូលរួម។ ជាមួយគ្នានេះ ម្ចាស់ផ្ទះថៃបានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រភេទកីឡាយូដូកម្ពុជា»។
«យើងខ្ញុំសូមអរគុណសន្តិភាព ដែលធ្វើឱ្យយើងទាំងអស់គ្នាមានលទ្ធភាពចេញទៅប្រកួតនៅក្រៅប្រទេសបាន សូមអរគុណដល់ថ្នាក់ដឹកនាំ សូមអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបង្ហោះសារគាំទ្រ និងអបអរសាទរចំពោះអត្តពលិកម្ពុជាដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡាយូដូជើងឯកអន្តរជាតិ នៅប្រទេសថៃ ឆ្នាំ២០២៤នេះ»។ គ្រូបង្វឹកកីឡាយូដូ លោក ម៉ារ វង្សវិបុល បានបន្ថែម។
សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ លោកគ្រូបានកត់សម្គាល់ថា ការប្រកួតនេះត្រូវបានចែកចេញជាពីរផ្នែក គឺយុវជន ១៤-១៦ឆ្នាំ និងចាប់ពី១៧ឆ្នាំឡើងលើ ដោយមាន១៣ប្រទេសចូលរួមប្រកួតប្រជែងមេដាយ ហើយកីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយសរុបដល់ ៨គ្រឿង។ លោកភ្ញាក់ផ្អើល ដោយសង្ឃឹមឈ្នះមេដាយមាសច្រើនជាងពីរគ្រឿង ប៉ុន្តែពេលឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺកម្ពុជាយើងប៉ះកូរ៉េ ដែលខ្លាំងក្លាខាងផ្នែកយូដូនេះ។
បន្ថែមពីលើនេះ លោកគ្រូ ម៉ារ វង្សវិបុល មានប្រសាសន៍ថា ៖«គោលបំណងចម្បងរបស់យើង គឺចង់ឈ្នះមេដាយក្នុងការប្រកួតអន្តជាតិនានា រួមទាំអាស៊ាន អាស៊ី ហើយក្តីប្រាថ្នាធំបំផុត គឺចង់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងដំឡើងកម្រិតគុណភាពរបស់យើង និងត្រៀមចូលរួមប្រកួតជម្រុះអូឡាំពិកហ្គេម ឈានឆ្ពោះទៅប្រកួតអូឡាំពិកហ្គេម ពេញសិទ្ធិ នាថ្ងៃណាមួយជាក់ជាមិនខាន»។
លោកគ្រូបានឱ្យដឹងទៀតថា តាមរយៈជោគជ័យក្នុងកម្រិតអន្តរជាតិមួយនេះ ប្រភេទកីឡាយូដូកម្ពុជាក៏កំពុងខិតខំប្រឹងប្រែងសម្រួចគុណភាពរបស់កីឡាករ កីឡាការិនីថ្នាលកម្ពុជា ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games 2029) លើកទី៥ នាឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងការប្រកួតនៅប្រទេសថៃ នាពលេនះ សហព័ន្ធកីឡាយូដូកម្ពុជាក៏បានបញ្ជូនកីឡាករ កីឡាការិនីថ្នាល២នាក់ ក្នុងនោះថ្នាលម្នាក់របស់យើងក៏បានឈ្នះមេដាយប្រាក់១គ្រឿង ដែលនេះជាក្តីសង្ឃឹមបូករួមទាំងថ្នាលផ្សេងៗទៀត ក្នុងគោលដៅឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ២០២៩ ផងដែរ។
គួរបញ្ជាក់ថា ប្រតិភូកីឡាយូដូកម្ពុជាមានចំនួន ១២នាក់ ក្នុងនោះគ្រូបង្វឹក លោក ម៉ារ វង្សវិបុល គ្រូជំនួយ លោក សុខ ដារ៉ា និងកីឡាករ ៥នាក់ កីឡាការិនី ៥នាក់ ចូលរួមប្រកួត THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤។ យូដូកម្ពុជាឈ្នះមេដាយសរុប ៨គ្រឿង គឺមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៤ ក្នុងនោះមេដាយមាស២គ្រឿង ដណ្តើមបានដោយកីឡាការិនី ចេង មាស ដណ្តើមបាន លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម និងកីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម។ ចំពោះមេដាយប្រាក់២គ្រឿង ដណ្តើមបានដោយកីឡាការិនី គុណ ស្រីនិច ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម និងកីឡាករ ទី ជីហាវ លើវិញ្ញាសាឯកត្តជន ក្រោម៥០គីឡូក្រាម។ សម្រាប់មេដាយសំរឹទ្ធ ៤គ្រឿង ដណ្តើមបានដោយកីឡាករ ឈៀវ ឆវិន លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥គីឡូក្រាម កីឡាការិនី កែវ វ៉ាន់ឌឿន លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម កីឡាការិនី តុន ស្រីពេជ្រ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៨គីឡូក្រាម និងកីឡាការិនី សេង គឹមលី ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៧៨គីឡូក្រាម៕