ក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡារាំ នៃកីឡាជាតិលើកទី៤

Detail Top Banner

ការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាល CJCC រាជធានីភ្នំពេញ ក្រោយដំណើរការប្រកួតយ៉ាងសកម្មរយៈពេល២ថ្ងៃ ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញលទ្ធផលថា ជាលទ្ធផលលើវិញ្ញាសាដាក់ឱ្យប្រកួតចំនួន៨ និងក្រសួងរាជធានីខេត្តចំនួន៥ រួមមាន៖ ក្រសួងមហាផ្ទៃ ឈរលេខ១ មេដាយសរុប១៣គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣, លេខ២ ក្រសួងការពារជាតិជាតិ មេដាយសរុប៧ ក្នុងនោះមេដាយមាស ៣ ប្រាក់១ និងសំរឹទ្ធ៣ ខណៈលេខ៣ ខេត្តកណ្តាល មេដាយមាស១ និងសំរឹទ្ធ១គ្រឿង។

អញ្ជើញជាអធិបតីក្នុងឱកាសបិទការប្រកួតកីឡារាំ លោកជំទាវ តាន់ ម៉េងហួយ នាយព្រះរាជខុទ្ទកាល័យ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដែលបានសហការគ្នាយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលវិស័យកីឡាគួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនៈភាពជាតិលើឆាកជាតិ និងអន្តរជាតិ។ វិស័យកីឡាជាតិ ក៏ដូចជាកីឡារាំ មានការវិវឌ្ឍគួរជាទីសាទរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្នុងស្រទាប់យុវជន ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាធ្វើកំណែទម្រង់វិស័យកីឡាលើគ្រប់ទិដ្ឋភាពជោគជ័យ ទាំងនោះបានស្តែងឡើងតាមរយៈការទទួលមេដាយពីការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ។

ការរៀបចំការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះពិតជាបានបង្ហាញអំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាឱកាសមួយ ដែលផ្តល់ឱ្យកីឡាករ កីឡាការិនីរាំអាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតអន្តរជាតិនានា និងត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games 2029) លើកទី៥ នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោកជំទាវ តាន់ ម៉េងហួយ មានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើវិញ្ញាសារាំ គឺជាព្រឹត្តិការណ៍មួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ ដោយកត្តាទាំងនេះហើយ ដែលកម្ពុជាត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និង កម្លាំង សេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ហើយក៏ជាការប្តេជ្ញាចិត្តក្នុងនាមកម្ពុជាជាសមាជិកអាស៊ានផងដែរ។

លោកជំទាវ តាន់ ម៉េងហួយ សង្កត់ធ្ងន់ថា ការប្រកួតកីឡាជាតិ រៀងរាល់២ឆ្នាំម្តងនេះបានឆ្លុះបញ្ចាំងឱ្យ ឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្លឹបនិងក្លឹប ដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជា។ ជាងនេះទៀតវិស័យកីឡារាំនេះ ក៏ជាឱកាស សម្រាប់ ការ ផ្លាស់ប្តូរ ទាំង បច្ចេកទេសតិចនិច ទាំងបទ ពិសោធន៍ ក្នុងការប្រកួត កីឡា ដែល ជា មរតក វប្បធម៌ ។ការ ប្រកួត កីឡារាំ នេះ ក៏ជាកា រ បំផុសស្មារតី មហាជន ឱ្យកាន់តែ ស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើក កម្ពស់កិត្តិសព្ទ កីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញ នៅលើ ឆាក អន្តរជាតិ កម្ពុជាទៅដល់ទីណា គឺ មាន ទង់ជាតិកម្ពុជា បង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ។

សូមបញ្ជាក់ថា ក្នុងឱកាសបិទការប្រកួតនេះទទួលបានកិត្តិយសអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានកិត្តិយសសហព័ន្ធ លោកជំទាវ ប៉ុក ណណ្តា ប្រធានសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា និងជាអនុប្រធានកិត្តិយស ព្រះនាងតូច នរោត្តម ចេណ្ណា ទូតសុឆន្ទៈនៃសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំភ្ញៀវកិត្តិយស និងប្រតិភូកីឡាក្រសួងរាជធានីខេត្តជាច្រើនរូបទៀត៕

You might also like