កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ប្រាប់ថា ការឈ្នះមេដាយសំរឹទ្ធ ជាកម្លាំងជម្រុញទឹកចិត្ត អោយខ្លួនកាន់តែខំប្រឹងហ្វឹកហាត់ ដើម្បីសម្រេចគោលដៅស្វែងរកមេដាយមាស នាពេលខាងមុខ

Detail Top Banner

ភ្នំពេញ ៖ កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ បានប្រាប់ថា ការឈ្នះមេដាយសំរិទ្ធ ១គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍ ការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ ជាកម្លាំងជម្រុញលើកទឹកចិត្ត អោយខ្លួនកាន់តែខំប្រឹងហ្វឹកហាត់ បង្កើនបច្ចេកទេសកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅស្វែងរកមេដាយមាសជូនជាតិ នាពេលខាងមុខ ។ ការបង្ហាញឆន្ទៈដ៏មោះមុត យ៉ាងដូច្នេះរបស់ យូ ឃាងហ៊ុយ បានធ្វើឡើងក្នុងឱកាស ដែលរូបគេរួមជាមួយគ្រូបង្វឹក២រូប គឺលោក តឹក ប៊ុនវី និងលោកស្រី អេមី សារីរ៉ឺម បានធ្វើដំណើរមកដល់មាតុភូមិកំណើតវិញ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៤ ។

យូ ឃាងហ៊ុយ បានអោយដឹងថា នេះជាលើកទី៣ ហើយដែលបានចេញទៅប្រកួតលក្ខណៈអន្តរជាតិ ដោយកាលពីឆ្នាំ២០២៣ ធ្លាប់ឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង និងឆ្នាំ២០២៤ អំឡុងខែសីហា បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ ឆ្នាំ២០២៤ “The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS” នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី រួមទាំងលើកទី៣នេះ ឈ្នះមេដាយសំរឹទ្ធមួយគ្រឿងបន្ថែមទៀត លើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ។ ជើងខ្លាំងកាយវប្បកម្មរបស់កម្ពុជា រូបនេះ អោយដឹងទៀតថា ការប្រកួតជើងឯកពិភពលោកនេះ មានកីឡាករមកពីបណ្តាលប្រទេសជាង ៥០ សុទ្ធសឹងជាកីឡាករល្អ មិនចាញ់ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ឡើយ ដូច្នេះទើបធ្វើអោយគោលដៅ ដែលចូលរួមលើកនេះ ហាក់មិនទាន់សំតាមបំណងដែលបានគ្រោងទុក ។ តែយ៉ាងណា យូ ឃាងហ៊ុយ បញ្ជាក់ថា ការចូលរួមលើកនេះ រូបគេបានសិក្សាស្វែងរកឃើញចំណុចខ្វះខាតជាច្រើន ដែលត្រូវយកមកពង្រឹងខ្លួនបន្ថែម ដើម្បីឈានឆ្ពោះទៅសម្រេចក្តីស្រមៃ ដែលខ្លួនប៉ងនាថ្ងៃខាងមុខ ។

គូសបញ្ជាក់ថា សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានរូបលោក ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ៕

You might also like