លោក រិទ្ធ ឌីកា ៖ការប្រកួតមិត្តភាពធ្វើឡើងដើម្បីមិត្តភាព សុខភាព និងជំរុញឲ្យយុវជនទាំងអស់លេងកីឡា
ភ្នំពេញ៖ក្រោយពីបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM ក្រោមការដឹកនាំដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM របស់លោកបានមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ក្នុងនោះក្រុមលោកបានចាញ់ដោយបច្ចេកទេសលទ្ធផល ២ទល់៣។
ការប្រកួតមិត្តភាពជាតិ និងអន្តរជាតិរបស់ក្រុម K8 ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងក្រុមបាល់ទាត់វ័យចាស់ និងក្រុមបាល់ទាត់ផ្សេងដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជនតាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជានាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ។
លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបញ្ជាក់ថា ការប្រកួតមិត្តភាពនេះជាការប្រកួតមិត្តភាពមួយដើម្បីរឹតចំណងរវាងក្រុមទំាង ២។ ក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេងកីឡាទាំងអស់គ្នាស្របតាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡាយ៉ាងហោចណាស់មួយមុខ” ៕