ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិ និងវេទិកាអប់រំសុខភាពអាណាព្យាបាល ឆ្នាំ២០២៤

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងវេទិកាអប់រំសុខភាពអាណាព្យាបាល បានដំណើរការប្រកួតប្រកួតជាផ្លូវការរយៈពេញ១ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ -កីឡាការិនី ខ្សោយបញ្ញា និងអាណាព្យាបាល នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បើតាមរបាយការណ៍របស់លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដោយរួមបញ្ចូលកម្មវិធីអប់រំសុខភាពអាណាព្យបាល ក្នុងគោលបំណងផ្តល់ ឱកាសឱ្យកីឡាករ កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នា ប្រកួតប្រជែងកីឡាប៊ូល បាល់ទាត់ អត្តពលកម្ម ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ  រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិតនឹងធ្វើការណែនាំ អប់រំពីរបៀបតំហែទាំសុខភាព ក្នុងរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាល​ និងប្អូនៗក្មួយៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។

លោកថា ការប្រកួតមិនមែនដើម្បីជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និង  ផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធជនពិការ ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញលើកស្ទួយឥតឈប់ឈរ។ការប្រកួតនាឱកាសនេះផងដែរ គឺដើម្បីលើកកម្ពស់ស្ថេរភាព និងផ្តល់ឱកាសដល់ក្រុមកីឡាករ កីឡាការិនី មកពីតាមអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត បានជុំគ្នា បង្កើនទំនាក់ទំនងពីគ្នា និងក្នុងបុព្វហេតុជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ប្រចាំឆ្នាំ និងត្រៀមលក្ខណៈចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ ។


ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិការស្ប៉េស្យាល់អូឡាំ ពិកកម្ពុជា មានការទទួលខុសត្រូវជាចំបងក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួត កីឡាជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹក ហាត់កាយសម្បទាមំាមួន បញ្ញាស្មារតី ឱ្យមានភាពរីកចំរើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករំលែកបទពិសោធន៍  ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និងកីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសហគមន៍ផងដែរ។ឯកឧត្តម បន្តថា ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក មិនមែនគ្រាន់តែបម្រើឱ្យការ ហាត់ហ្វឹកហ្វឺន ឬប្រកួតតែមួយមុខ នោះទេ ​ ថែមទាំងមានល្បែងកីឡាសម្រាប់ក្មេងៗអាយុ២-៧ឆ្នាំ កម្មវិធីត្រួតពិនិត្យសុខភាព វេទិកាអប់រំ សុខភាពសម្រាប់អាណាព្យាបាលជនបញ្ញាខ្សោយ កម្មវិធីភាពជាអ្នកដឹកនាំ របស់កីឡាករ កីឡាការិនី ជនញ្ញាខ្សោយ ។ល។

សម្រាប់ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិ
និងវេទិកាអប់រំសុខភាពអាណាព្យាបាល ឆ្នាំ២០២៤នេះ សរុបប្រតិភូកីឡា គណៈកម្មការ អ្នកស្ម័គ្រចិត្ត និងអាណាព្យាបាល ចំនួន ៣០៤ នាក់ ។ ដោយ គណៈកម្មការ បានដាក់៣ប្រភេទកីឡាអោយកីឡាករ-កីឡាការិនី ខ្សោយបញ្ញាធ្វើការប្រកួតប្រជែងក្នុងនោះរួមមាន ៖
កីឡាអត្តពលកម្ម ១. ៥០ ម៉ែត្រ បុរស នារី
២.១០០ ម៉ែត្រ បុរស នារី
៣. ២០០ ម៉ែត្រ បុរស នារី
៤.៤០០ ម៉ែត្រ បុរស
ខ.កីឡាបាល់ទាត់យូនីហ្វាយ
១. បុរស ៥ នាក់ម្ខាង
គ.កីឡាប៊ូលយូនីហ្វាយ
១. ១នាក់ ទល់ ១នាក់  បុរស នារី
២. ២នាក់ ទល់ ២នាក់ បុរស នារី
៣. ៣នាក់ ទល់ ៣នាក់ បុរស នារី ។ ជាមួយគ្នានោះក៏មានកម្មវិធី អប់រំសុខភាព៖ ដោយលោកវេជ្ជបណ្ឌិតផ្នែកមាត់ធ្មេញ និងសុខភាពទូទៅ នឹងណែនាំ និងបង្ហាញដដល់ឪពុក ម្តាយ និងអាណាព្យាបាលដែលបានចូលរួមទាំងអស់បន្ទាប់ពីបញ្ចប់កម្មវិធីបើកនេះ។

You might also like