រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា ស្រុកមានសន្តិភាព និងប្រជាពលរដ្ឋមានសុខភាពល្អ មានឱកាសច្រើនណាស់នៅក្នុងការប្រកបមុខរបរផ្សេងៗ
ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុនសែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងលើកឡើងនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់៧មករា តេជោសន្តិភាព រដូវកាលទី៥ ឆ្នាំ២០២១ នារសៀលថ្ងៃ ទី៧ ខែមករាថា ពាន់រង្វាន់រដូវកាលទី៥នេះ គឺរៀបចំឡើងដើម្បីរំលឹកដឹងគុណនូបការៈថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្ត្រដែលរណៈសេសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រជាជនកម្ពុជារួចផុតពីទុក្ខវេទនាពីរបបបនប្រល័យពូជសាសន៍ប៉ុលពត ។
ឯកឧត្តម រដ្ឋលេខាធិការ រំលឹកថា ៧មករា ឆ្នាំ១៩៧៩ មកដល់ ថ្ងៃ៧មករា ឆ្នាំ២០២១នេះ គឺមានអាយុកាល៤២ឆ្នាំហើយ ដែលរណៈសេសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបដ៍សាហាវព្រៃផ្សៃយោងខ្នងដែលកាន់អំដោយប៉ុលពត។ ឯកឧត្តម គូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមិនមែនតែសុខសន្តិភាពតែមួយមុខនោះទេ ពោលថែមទាំងធ្វើប្រទេសបោះជំហានអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។
ឯកឧត្តម លើកឡើងទៀតថា នៅពេលដែលប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពបែបនេះ ប្រជាពលរដ្ឋយើងមានឱកាសច្រើនណាស់ក្នុងការប្រកដមុខរបរផ្សេងៗ។ ទន្ទឹម និងស្រុកទេសយើងទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយល្អយើងទាំងអស់គ្នា ត្រូវចូលរួមលើកស្ទួយវិស័យកីឡា ដើម្បីជាការផុសចលនាកីឡាឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់៧មករា តេជោសន្តិភាព រដូវកាលទី៥ ឆ្នាំ ២០២១ រៀបចំដោយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដំណើរការប្រកួតចាប់ពីថ្ងៃ ទី៧ មករា ដល់ថ្ងៃ ទី២០មករា ឆ្នាំ ២០២១ មានក្រុមជាតិនិងអន្តរជាតិចូលរួមចំនួន៩ក្រុម ចែកចេញជា២ពានរង្វាន់ ក្នុងនោះពានរង្វាន់ក្របខណ្ឌកីឡាករ១១នាក់ និងពានរង្វាន់ទាត់ប៉េណាល់ទី៕