កីឡាករ សុខ លឹមហេង យកឈ្នះអតីតស្តេចអុក គ្រងជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ ឆ្នាំ២០២០
ភ្នំពេញ៖ កីឡាករ សុខ លឹមហេង បានយកឈ្នះកីឡាករជើងខ្លាំង ឈាវ បូរ៉ា ដែលជាអតីតស្តេចអុក នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសបិទការប្រកួត លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំអោយមានការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពកីឡាករ ក៏ដូចជាការបង្ហាញ និងផ្សព្វផ្សាយប្រភេទកីឡា ប្រពៃណីជាតិមួយនេះ ដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់ពីបច្ចេទេសក្នុងការលេង ជាពិសេសសម្រាប់ត្រៀមលក្ខណៈសម្បត្តិដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង ។
សូមបញ្ជាក់ថា កីឡាករអុកចត្រង្គ សុខ លឹមហេង បានឆ្លងកាត់១៥ប្រកួត សរុប១២ពិន្ទុ ដណ្តើមបានលេខ១ ខណៈគូប្រជែងដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់១៥ប្រកួតដូចគ្នា ដោយមានត្រឹមតែ១០.៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ យ៉ាន សុខលាង និងលេខ៤ កីឡាករ ទេស សារ៉ាឌី ស្របពេលដែលកីឡាករខ្លាំងៗចំនួន ១២នាក់ផ្សេងទៀតក៏ត្រូវបានបង្ហាញនៅក្នុងចំណាត់ថ្នាក់ជាបន្ទាប់ ដែលកីឡាករទាំង១៦នាក់នេះ ត្រូវបានសម្រិតសម្រាំង ចេញពីការប្រកួតក្នុងចំណោមបេក្ខជនចំនួន ៦៤នាក់៕