ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំនេះទាក់ទាញបាន២៤ សាលាគុនចូលរួមប្រជែង កើនឡើងជាងឆ្នាំមុន

Detail Top Banner

លោកអ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានថ្លែងក្រោយបញ្ចប់ក្រោយបញ្ចប់សិន្និសិទសាព័ត៌មាន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែមករាថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំនេះ មានសាលាគុនចូលរួមចំនួន២៤ ក្នុងនោះចំនួន កីឡាករ កីឡាការិនីចូលរួមកើនឡើងប្រមាណជាង៤០នាក់ ខណៈឆ្នាំ២០១៩ មានកីឡាករកីឡាការិនីចូលរួមតែជាង១៥០នាក់ប៉ុណ្ណោះ ។អគ្គលេខាធិការខាងលើ ពន្យល់ថា ដោយសារបច្ចុប្បន្នប្រភេទគុនល្បុក្កតោមានការរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់យុវជន ដែលធ្វើអោយចំនួនក្លឹមចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

លោក​អគ្គលេខាធិការ បញ្ជាក់ថា គោលបំណងដែលសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ជារៀងរាល់ឆ្នាំនេះ គឺសហព័ន្ធចង់ផ្តល់ឱកាសអោយកីឡាករ កីឡាការិនី ដែលខិតខំហ្វឹកហាត់ បានបញ្ចេញសមត្ថភាព បង្ហាញទៅកាន់មហាជន ជាពិសេសដើម្បីពិនិត្យ ដកស្រងបច្ចេកទេស សម្រាប់ងាយស្រួលជ្រើសរើសធនធាន ដែលមានសមត្ថភាព សម្រាប់ហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ជាមួយគ្នានេះ លោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានអោយដឹងដែរថា ក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមឧបត្ថម ជាថវិការដល់សហព័ន្ធកីឡាគុនល្បុក្កតោ សម្រាប់រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះចំនួន ១៦,៨៥០ដុល្លា ។ អគ្គនាយិការូបនេះ បានបញ្ជាក់ថា ដោយសារតែលោកស្រីស្រលាញ់ និងចូលចិត្ត ចង់ឃើញកីឡាគុនល្បុក្កតោកម្ពុជា មានការីកចម្រើន ទាំងលើឆាកជាតិ និងអន្តរជាតិ ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសបើក ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ជាផ្លូវការ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងឯកឧត្តមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ដោការប្រកួតគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ ខាងមុខនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានកីឡាករ-កីឡាការិនីសរុប ១៩៣នាក់ មកពី ២៤សាលាគុនទូទាំងប្រទេស៕

You might also like