ក្រុមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមវិសាខា ទទួលបានជ័យជំនះដូចគ្នា ពីថ្ងៃបើកឆាកការប្រកួតបាល់ទះ មិត្តភាព អបអរសាទរ « ទិវាជ័យជម្នះ ៧ មករា »

Detail Top Banner

ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានយកឈ្នះ បញ្ជាការដ្ឋានអង្គរក្ស ៣សិតទល់២ ក្នុងលទ្ធផល ២៥-១៧, ២៨-៣០ ,១១-២៥, ២៥-២៣, ១៦-១៤ ខណៈក្រុមវិសាខា យកឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ៣សិត០ ក្នុងលទ្ធផល ២៥-២២, ២៥-២១,២៥-១៦ នៅថ្ងៃបើកឆាកការប្រកួតបាល់ទះមិត្តភាពអបអរសាទរ « ទិវាជ័យជម្នះ ៧មករា » នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅលើទីលានបាល់ទះ វិសាខា ។

លោក ទែន ឡន ប្រធានគណៈកម្មការបច្ចេកទេស នៃការរៀបចំការប្រកួត បានឲ្យដឹងថា៖ «ការប្រកួតខាងលើ មាន៥ក្រុមចូលរួម ប្រកួតតាមរូបមន្តវិលជុំ គឺមានន័យថា ក្រុមនីមួយៗ ត្រូវជួបគ្នាចំនួន១ដង ហើយក្រោយបញ្ចប់ការប្រកួតវិលជុំនេះ ក្រុមមានពិន្ទុលើគេ ដែលឈរនៅចំណាត់ថ្នាក់លេខ១ គឺជាម្ចាស់ក្រុមជើងឯកតែម្តង» ។ បើតាមលក្ខខណ្ឌ នៃការគិតពិន្ទុ គឺក្រុមឈ្នះ ៣-០ , ៣-១ ទទួលបាន ៣ពិន្ទុពេញ តែបើឈ្នះ ៣-២ ទទួលបានត្រឹម ២ពិន្ទុ ខណៈក្រុមចាញ់ ៣-២ បាន ១ពិន្ទុ និងក្រុមចាញ់ ៣-០ និងចាញ់ ៣-១ បានសូន្យពិន្ទុ ។

សម្រាប់ថ្ងៃនេះ ក្រុមវិសាខា ត្រូវជួបក្រសួងមហាផ្ទៃ វេលាម៉ោង ១៦:០០ ។ រីឯក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រកួតក្រុមកងពលធំអន្តរាគមន៍លេខ៣ នៅរសៀលម៉ោង ១៤:០០ នៅលើទីលានបាល់ទះវិសាខាដូចគ្នា ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ មិត្តភាព អបអរសាទរ «ទិវាជ័យជម្នះ៧មករា» ដែលរៀបចំដោយ សហព័ន្ធ កីឡាបាល់ទះកម្ពុជា សហការជាមួយក្រុមហ៊ុន Forward មានក្រុមចូលរួមចំនួន៥រួមមានក្លិបបាល់ទះ វិសាខា, ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបបញ្ជាការដ្ឋានអង្គរក្ស , ក្លិបក្រសួងមហាផ្ទៃ និងក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ហើយការប្រកួតបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែមករា នឹងគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ៕

You might also like