ក្រុមវ័យចាស់ទ័ពគ្រង់ជើងឯកអបអរសាទរទិវាជ័យជំនះ៧មករា តេជោ សន្តិភាព លើកទី៥

Detail Top Banner

ក្រុមវ័យចាស់ទ័ពបានគ្រងតំណែងជើងឯកអបអរសាទរទិវាជ័យជំនះ៧មករា តេជោសន្តិភាព លើកទី៥ ជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រុម 7 Clean ក្នុងលទ្ធផល ៣:២ នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃពុធទី២០ ខែមករាម្សិលមិញ ។

ក្រោយឈ្នះជើងឯកលើកដំបូង លោក ខូវ ឆាយ អ្នកដឹកនាំក្រុមបាល់ទាត់វ័យចាស់ទ័ព បានលើកឡើងថា ទោះបីការប្រកួតបាល់ទាត់ពានរង្វាន់អបអរសាទរទិវាជ័យជំនះ៧មករា តេជោសន្តិភាព លើកទី៥នេះ មានតែកីឡាករវ័យចាស់ក្តី ប៉ុន្តែពួកគេសុទ្ធសឹងជាអតីតកីឡាករបាល់ទាត់អាជីពធ្លាប់លេងពីមុនៗមក ដូច្នោះហើយ ការប្រកួតប្រជែងដណ្តើមយកជ័យជំនះវាមានភាពតឹងតែងខ្លាំង ។

លោក អះអាងទៀតថា ការបង្កើតពានរង្វាន់នេះ ពិតជាល្អសម្រាប់កីឡាករវ័យចាស់ បានជួបជុំរំលឹកថ្ងៃ៧មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តផ្តួលរំលំរបប ប៉ុល ពត ពិសេសទៀតនោះ បានផ្តល់ឱកាសឲ្យអតីតកីឡាករបាល់ទាត់ចាស់ៗ ដែលឈប់ពីអាជីពបាល់ទាត់ត្រលប់ចូលទីលានវិញ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កើតមិត្តភាព សាមគ្តីភាពផងដែរ ។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ទើបធ្វើឲ្យការប្រកួតពង្រួញពេលវេលា ដែលធ្វើឲ្យកីឡាករវ័យចាស់មានការបាក់កម្លាំងបន្តិចដោយកម្មវិធីប្រកួត ជាប់ៗគ្នា ។ ឯកឧត្តម អះអាងទៀតថា ការប្រកួតរដូវកាលទី៦ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព នឹង ពង្រីកឲ្យកាន់តែមានវិសាលភាពទូលំទូលាយជាងនេះ ដើម្បីអបអរសារទរទិវាជ័យជំនះ៧មករា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ។ ឯកឧត្តម បញ្ជាក់ទៀតថា ពានរង្វាន់បាល់ទាត់អបអរសាទរទិវាជ័យជំនះ៧មករា តេជោសន្តិភាព លើកទី៥ ឆ្នាំ២០២១នេះ យើងរៀបចំក្រោមប្រធានបទ សារៈសំខាន់ នៃប្រាក់រៀល គឺជាការបំផុសឲ្យពលរដ្ឋស្រលាញ់គាំទ្រប្រាក់រៀល ។ ជាមួយ គ្នានេះ ឯកឧត្តម ជុំ កុសល បានថ្លែងអំណរគុណ ចំពោះធនាគារជាតិ និងបណ្តា គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ ដែលបានជួយឧបត្ថម្ភគាំទ្រធ្វើការប្រកួតដំណើរការទៅដោយជោគជ័យ ៕

You might also like