អតីតអ្នកប្រដាល់គុនខ្មែរ ឡឹកវិបុលថា ខ្លួនចង់បង្កើតក្លិបប្រដាល់គុនខ្មែរមួយនៅរាជធានីភ្នំពេញ ប៉ុន្តែមិនមានលទ្ធភាព
ក្រោយពីបាត់ពីសង្វៀនគុនខ្មែរអស់ពេលជាង១០ឆ្នាំ អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ នៅអំឡុងទស្សវត្តឆ្នាំ៩០ លោក ឡឹក វិបុល បានអោយដឹងថា ខ្លួនប៉ងចង់បើកក្លិបប្រដាល់គុនខ្មែរមួយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបណ្តុះបណ្តាលធនធានក្មេងជំនាន់និងជួយលើកស្ទួយគុនខ្មែរ។
អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ បង្ហើបទៀតថា ក្លិបប្រដាល់គុនខ្មែរដែលខ្លួនប៉ងចង់បង្កើតនៅរាជធានីភ្នំពេញនោះ ដោយប្រើឈ្មោះថា ក្លិបប្រដាល់ឡឹកវិបុលគុនខ្មែរ ដែលក្លិបក្នុងក្តីស្រម៉ៃនេះ មានបណ្តុះប្រដាល់ក្បាច់គុនបុរាណខ្មែរ និងគុនចម្រុះក្នុងទ្រុង ដើម្បីឲ្យយុវជនគុនខ្មែរបង្ហាញសមត្ថភាពនៅលើសង្វៀនអន្តរជាតិ។ទន្ទឹមនឹងក្តីស្រម៉ៃនេះដែរ អតីអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះឈាមជ័រអ្នកបាត់បងរូបនេះ បានអំពាវនាវ សុំឲ្យសប្បុរសជន ដែលមានធនធានស្រលាញ់គុនខ្មែរជួយគាំទ្រឧបត្ថម្ភដល់ខ្លួនបង្កើតក្លិបគុនខ្មែរមួយនៅរាជធានីភ្នំពេញ ដើម្បីឲ្យខ្លួនមានឱកាសប្រើប្រាស់សមត្ថភាពចែករំលែកគុនខ្មែរទៅកាន់ក្មេងជំនាន់ក្រោយ ដ្បិតបច្ចុប្បន្នខ្លួនមានសមត្ថភាពបណ្តុះបណ្តាលតែពុំមានលទ្ធភាពរាប់រងក្លិបដោយខ្លួនឯង។
គួរំលឹកថា អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ ឡឹកវិបុល បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់គុនខ្មែរ ក្នុងអឡុងចុងឆ្នាំ១៩៩០ បន្ទាប់ពីដណ្តើមខ្សែក្រវ៉ាត់បានមួយគ្រឿងទៀត ពីកីឡាករ នួន សុរិយា នៅសង្វៀនទូរទស្សន៍អាយប៊ីស៊ី ដែលបច្ចុប្បន្នទូរទស្សន៌កងយោធពលខេមរភូមិន្ទប៉ុស្តិ៌លេខ៥។
អតីតអ្នកប្រដាល់គុនខ្មែររូបនេះ មុនបាត់មុខពីសង្វៀនដណ្តើមបានខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់៦០ និង៦៣គីឡូក្រាមមិនក្រោម៥គ្រឿងឡើយ ក្នុងនោះក៌ទទួលបានអាវកេត្តិយសជាកីឡាករប្រកួតមិនដែលចាញ់មួយផងដែរ ពីសហព័ន្ធប្រដាល់គុនខ្មែរ ហើយបច្ចុប្បន្នអ្នកប្រយុទ្ធគុនខ្មែររូបនេះ មានងារក្នុងកងយុទ្ធពលខេមរភូមិន្ទជាអនុសេនីយ៌ឯកឈរជើងនៅតំបន់ប្រាសាទព្រះវិហារ៕