ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារៈកីឡាតម្លៃ២៥០.០០០ដុល្លារហ៊ុន ORIENT NOBLE Group

Detail Top Banner

ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារៈសម្រាប់ហ្វឹកហាត់កីឡាជាច្រើនមុខពីក្រុម ហ៊ុន ORIENT NOBLE Group នាព្រឹកថ្ងៃទី១៦ ខែ កុម្ភៈម្សិលមិញ នៅកីឡដ្ឋានស្ទាតចាស់។ពិធីប្រគល់និងទទួលធ្វើឡើង ក្រោមវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានចាត់ទុកថា ការផ្តល់ជូននូវសម្ភារៈកីឡាជាច្រើនមុខពីសំណាក់ក្រុមហ៊ុន ORIENT NOBLE Group ដល់មជ្ឈមណ្ឌល​កីឡាកង​យោធ​ពល​ខេមរភូមិន្ទនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានចូលរួមចំណែកក្នុង​ការអភិវឌ្ឍន៍​លើកស្ទួយវិស័យកីឡាជាតិក៏ដូចជាវិស័យកីឡាកងយោធពលខេមរភូមិន្ទឱ្យមានសន្ទុះរីកចម្រើនធំធាត់ជាលំដាប់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់ជាតិអន្តរជាតិនិងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាមនិងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុង មានប្រសាសន៍ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាជើងឯកជាតិឆ្នាំ២០២០ដែលទើបតែបញ្ចប់នេះ ដោយមិននិយាយពីមេដាយប្រាក់ និង សំរិទ្ធនោះកីឡាកងយោពលខេមរភូមិន្ទបានទទួលមេដាយមាសដោយឈរនៅលំដាប់លេខ ចំនួន ៨ប្រភេទកីឡា ។កីឡាករ កីឡាការិនីដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាទ្វីបអាស៊ី និង ជើងឯកពីភពលោកក៏មានការចូលរួមពីកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែរ ។ ឯកឧត្តមនាយឧត្តមសេនីយ៍មានជំនឿចិត្តថាស៊ីហ្គេមលើកទី៣នៅប្រទេសវៀតណាមឆ្នាំ២០២នេះ និង ស៊ីហ្កេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏នឹងមានកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទចូលរួមដែរ ៕

You might also like