ក្រុមបាល់ទាត់មហាហង្សគ្រងតំណែងជើងឯក Futsal ថ្នាក់ជាតិ ឆ្នាំ២០២០
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ចំណូលថ្មី មហាហង្ស All Star បានគ្រងតំណែងជើងឯក Futsal ថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោយយកឈ្នះក្រុមឪម៉ាល់ FC នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៩-៤ នៅទីលាន The Blue Sport Arena នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់ផ្តើមការប្រកួតក្នុងតង់ទី១ មហាហង្ស All Star បាននាំមុខឪម៉ាល់ ៣-២ ឈានចូលតង់ទី២ ការប្រកួតកាន់តែស្វិតស្វាញ កីឡាកររបស់ក្រុមឪម៉ាល់ បានរកគ្រាប់បាល់តាមស្មើ ៤-៤ ប៉ុន្តែកីឡាករមហាហង្ស All Star បន្ថែម៥គ្រាប់ទៀត ។ ចប់ការប្រកួតពេញម៉ោង៩០នាទីក្រុមមហាហង្ស All Star ទទួលបានជ័យជម្នះ លើក្រុមឪម៉ាល់ FC ៩-៤ គ្រងតំណែងជើងឯក Futsal ថ្នាក់ជាតិ ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក Futsal ថ្នាក់ជាតិ ឆ្នាំ២០២០ បានបិទបញ្ចប់ដោយភាពសប្បាយរីករាយក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ក្រុមជើងឯកមហាហង្សអលស្ដា ទទួលបានពានមួយ រួមជាមួយប្រាក់រង្វាន់ ២០លានរៀល ចំណែកជើងឯករង ក្រុមឪម៉ាល់ FC ទទួលបាន ១០លានរៀល ខណៈលេខ៣ ក្រុម Loading FC ទទួលបានប្រាក់រង្វាន់ ៦លានរៀល រីឯក្រុមដែលបរាជ័យនៅវគ្គ៤ក្រុមចុងក្រោយ Tai Chi ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤លានរៀលផងដែរ៕