NOCC បានប្រារព្ធទិវាអូឡាំពិកពិភពលោក
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហៅកាត់ថា NOCC នាល្ងាចថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានប្រារព្ធទិវាអូឡាំពិកពិភពលោក ក្រោមប្រធានបទហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក ប្រជាជនម្នាក់លេងកីឡាមួយមុខ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណង ដើម្បីជាការក្រើនរំលឹក និងដាសតឿនស្មារតីដល់កីឡាករកីឡាការិនី និងចែករំលែកដល់ប្រជាពលរដ្ឋឲ្យស្គាល់ពីគុនតម្លៃមហាសាលនៃចលនាអូឡាំពិកដែលជាសកម្មភាពដ៏មានតម្លៃរបស់កីឡា។
ស្ថិតនៅក្នុងបរិបទបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ទិវាអូឡាំពិកមិនមានការរៀបចំជាលក្ខណៈជួបជុំទ្រង់ទ្រាយធំនោះទេ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំជាជាកិច្ចសម្ភាសន៍ ពិសេស ជាមួយអតីតកីឡាការិនី២រូបដែលធ្លាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវមី និង អតីតកីឡាការិនីហែលទឹក ហែម ថុនវិទិនី ។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសនេះ ធ្វើការឡាយផ្ទាល់តាមកម្មវិធីហ្សូមដែលមានការចូលរួមពីអត្តពលិកកីឡាទាំងពិការនិងមិនពិការប្រមាណជា១០០នាក់ផងដែរ។ អត្ថន័យនៅក្នុងកិច្ចសម្ភាសន៍ ពិសេសនោះ គឺផ្តោតសំខាន់លើប្រវត្តធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីផ្តល់ជាការចែករំលែកបទពិសោធន៍ដល់អត្តពលិកកម្ពុជា ដែលកំពុងត្រៀមចូលរួមកីឡាអូឡាំពិកនៅទីក្រុងតូឃ្យូប្រទេសជប៉ុនដែលនិងប្រារព្ធនៅអំឡុងខែ កក្តដា ឆ្នាំ២០២១នេះ។
ក្រៅពីកិច្ចសម្ភាសន៍ ពិសេស អត្តពលិកកីឡា ហែលទឹក ហែម ថុនវិទិនី ក៏បានបង្ហាញពីវិធីសាស្រ្តនៃការហាត់ប្រាណឲ្យត្រូវតាមស្តង់ដាជាអ្នកកីឡា ដើម្បីឲ្យរាងកាយមាំមួនចែករំលែកដល់អត្តពលិកកីឡាទាំងកីឡាជនពិការ និងមិនពិការ ព្រមទាំងចែករំលែកដល់ប្រជាពលរដ្ឋផងដែរ។
ក្រោយបញ្ចប់កិច្ចសម្ភាសន៍ពិសេស កីឡាការិនី ស៊ន សៀវមី និងអតីតកីឡាហែលទឹក ហែម ថុនវិទិនី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ការប្រារព្ធទិវានេះឡើងពិតជាបានបង្ហាញចេញនូវអត្ថន័យផ្សព្វផ្សាយពីសារសំខាន់នៃកីឡាខ្លាំងណាស់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ព្រោះកម្ពុជាយើងនិងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ដូច្នោះប្រជាពលរដ្ឋម្នាក់គប្បីចេះលេងកីឡាមួយមុខ ព្រោះការលេងកីឡារបស់បងប្អូនប្រជាពលរដ្ឋវាជួយដល់សុខភាព ពិសេស គឺជាសកម្មភាពគាំទ្រលើកទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាឲ្យមានទឹកចិត្តប្រកួតដណ្តើមមេដាយជូនកម្ពុជានៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទិវាកីឡាអូឡាំពិកដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនេះ ក្រៅពីរំលឹកគុនតម្លៃមហាសាលនៃចលនាអូឡាំពិកដែលជាសកម្មភាពដ៏មានតម្លៃរបស់កីឡា កម្មវីធីនេះ ក៏ជាសាបណ្តុះឆន្ទៈឲ្យកីឡាករកីឡាការិនីជំនាន់ក្រោយយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីមានមហិជ្ជតាអភិវឌ្ឍខ្លួនក្លាយជាកីឡាករការិនីមានសក្តានុពលទទួលបានឱកាសចូលរួមប្រកួតកីឡាអូឡាំពិកដូចរៀមច្បង និងទទួលបានចំណាត់ល្អពីកីឡាអូឡាំពិក៕