សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបង្ហាញទិសដៅការប្រជែងមេដាយស៊ីនៅវៀតណាម និងការពង្រឹងខ្លួនតៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣

Detail Top Banner

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញពីទិសដៅការចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការពង្រឹងខ្លួនត្រៀមធ្វើជា​ម្ចាស់ផ្ទះការប្រកួត​កីឡាស៊ីហ្គេម​លើក​ទី៣២ឆ្នាំ២០២៣ ពិសេស គឺការជម្រុញឲ្យអត្តពលិកខ្លួនអាចបង្ហាញ​វត្តមានក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិក​ឆ្នាំ២០២៤នៅប្រទេសបារាំង។

ចក្ខុវិស័យនេះត្រូវបាន លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បង្ហាញនៅក្នុងសន្និសិត សារព័ត៌មាន កាលពីចុងសប្តាហ៍ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។

អគ្គលេខាធិការរូបនេះ បានពន្យល់ថា ទិសដៅសម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ដែលប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះ សហព័ន្ធដាក់ទិសដៅដណ្តើម​មេដាយឲ្យបាន១គ្រឿងជូនកម្ពុជា និងជម្រុញអភិវឌ្ឍន៍មន្រ្តីព័ត៌មានវិទ្យាសម្រាប់ជួយកិច្ចការសហព័ន្ធ និងបង្កើតធនធានចៅក្រមអាជ្ញាកណ្តាលត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ពិសេស គឺ ការជម្រុញអភិវឌ្ឍសមត្ថភាពអត្តលិករបស់ខ្លួនអាចបង្ហាញវត្តមានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤នៅប្រទេសបារាំង។

អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា ដើម្បីជម្រុញឲ្យទិសដៅទាំងអស់នេះ អាច​សម្រេច​បាន​តាមផែនការ សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតនៅ​ក្នុង​ស្រុក និង​ការ​បញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ពិសេស គឺការស្វែងរកអត្តពលិក​ដែលជាកូនខ្មែរនៅ​ក្រៅប្រទេសមកជួយកម្ពុជាប្រកួតប្រជែងដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិដូចជាស៊ីហ្គេមជាដើម។

គួររំលឹកថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបង្កើតបាន៣ឆ្នាំហើយ មានក្លិបក្រោមចំណុះ​ប្រមាណ​ជាជិត១០ក្លិបទាំងរាជធានីភ្នំពេញ និងបណ្តាខេត្ត ហើយ បច្ចុប្បន្នមានកីឡាករកីឡាការិនីជាប់​ជា​ជម្រើសជាតិចំនួន៩រូប ពុងហ្វឹកហាត់ត្រៀមចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាម ឆ្នាំ២០២២។ សម្រាប់​ផែនការចំម្បងឆ្នាំ២០២២ស៊ីហ្គេមនៅវៀតណាម ដណ្តើមឲ្យមេដាយមួយ​ជូនកម្ពុជា​ឲ្យបាន​១​គ្រឿង ស៊ីហ្គេម ឆ្នាំ២០២៣កម្ពុជាធ្វើម្ចាស់ផ្ទះ ដណ្តើមឲ្យបានមេដាយមាស ហើយ បន្ទាប់ពីធ្វើម្ចាស់ផ្ទះ ជម្រុញអភិវឌ្ឍសមត្ថភាពអត្តពលិកធ្វើយ៉ាងអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំងឆ្នាំ២០២៤៕

You might also like