អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បញ្ជាក់ថា ការប្រកួត ULTIMATE BOXING CHAMPIONSHIP

Detail Top Banner

2021ជាការផ្តល់ឱកាសឲ្យក្រុមជម្រើសជាតិពង្រឹងបច្ចេកទេសត្រៀមស៊ីហ្គេននៅវៀតណាម និងស៊ីហ្គេមនៅកម្ពុជា
Story លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសិទ នាព្រឹកថ្ងៃ ទី១៥ ខែ កញ្ញានេះថា ការប្រកួតកីឡាប្រដាល់សកលដែលប្រសិទ្ធនាមថា ULTIMATE BOXING CHAMPIONSHIP 2021 ដែលនឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ គឺសហព័ន្ធរៀបចំឡើងក្នុងគោលបំណង ជាការផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាចូលរួមការប្រកួតក្នុងស្រុកឲ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បី អភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីប្រដាល់សកលនៅតាមបណ្តាក្លិប និងសមាគមក្រោមចំណុះសហព័ន្ធ ពិសេស ពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
អគ្គលេខាធិការ ខាងលើ បញ្ជាក់ទៀតថា កម្មវិធីនេះសហព័ន្ធរៀបចំឲ្យត្រូវតាម ផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល នៅកម្ពុជាឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជា ប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ។ សហព័ន្ធនឹងខិតខំព្យាយាមយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឈានទៅទទួលបានជោគជ័យសម្រាប់ការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។


លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ដែលជាអ្នកឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះគូសបញ្ជាក់ដែរថា មូលហេតុដែលលោកចូលខ្លួនជួយនេះ គឺដោយសារស្រឡាញ់វិស័យកីឡាប្រដាល់សកលកម្ពុជា ហើយលោកចង់ចូលរួមលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក សង្ឈឹមជឿជាក់ថា តាមរយៈការរួមចំណែកជួយក្នុង ការប្រកួតនេះ នឹងជួយអភិវឌ្ឍកម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ»។

សូមបញ្ជាក់ថា ការប្រកួតថា ULTIMATE BOXING CHAMPIONSHIP 2021 នេះគ្រោងរៀបចំនួន ៦លើក រៀងរាល់ពីរសប្តាហ៍ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស របស់លោកគ្រូ ស៊ន អេលីត ។សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លិបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប៕

 

You might also like