ភាពជាអ្នកដឹកនាំត្រូវប្រកាន់ភ្ជាប់នូវឥទ្ធិពលចំនួន៣ទើបគេគោរពកើតសសើរ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់ មន្ដ្រី និងគ្រូអប់រំកាយ និងកីឡាខេត្តកែប នៅក្នុងពិធីបទ វគ្គរដ្ឋបាលកីឡា នាល្ងាចថ្ងៃ ទី១៤ ខែ តុលា តាមប្រព័ន្ធព័ន្ធ Zoom ថា ក្នុងភាពជាអ្នកដឹកនាំត្រូវតែប្រកាន់ភ្ជាប់នូវគុណតម្លៃនៃចំនួន៣សំខាន់ៗ គឺ ទី១-ឥទ្ធិពលសុខភាពរាង្គកាយ ត្រូវមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បញ្ញា ស្មារតី។ ទី២-ឥទ្ធិពលចំណេះជំនាញ ត្រូវមានចំណេះដឹងទូទៅ និងជំនាញច្បាស់លាស់ តាមរយៈការខិតខំរៀនសូត្រ និងដុះខាត់ជំនាញបន្ថែម។ ទី៣-ឥទ្ធិពលគុណផល-សីលធម៌ ដែលជាកត្ដាដ៏សំខាន់ ហើយបើមានឥទ្ធិពលទាំងបី ទើបសបញ្ជាក់ថា ខ្លួនអាចក្លាយជាអ្នកដឹកនាំ ទាំងការដឹកនាំខ្លួនឯង និងការដឹកនាំគេ។ដូច្នោះឥទ្ធិពលសំខាន់ៗ៣ ក្នុងភាពជាអ្នកដឹកនាំ គឺត្រូវមានសុខភាពរាង្គកាយ ចំណេះជំនាញច្បាស់លាស់ និងមានគុណធម៌-សីលធម៌ជានិច្ច។
ឯកឧត្តម អះអាងថា ក្រោយឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ ស្ដីពីរដ្ឋបាលកីឡា ដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកខាងលើ ជាមួយគ្រូឧទ្ទេសមានបទពិសោធន៍ និងជំនាញច្បាស់លាស់ជាច្រើន សិក្ខាកាមទាំងអស់ នឹងស្វែងយល់បានច្រើនអំពីទិដ្ឋភាពផ្សេងៗ ជុំវិញវិស័យកីឡា និងភាពជាអ្នកដឹកនាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គរដ្ឋបាលកីឡានេះឡើង បន្ទាប់ពីរៀបចំ ២លើកកន្លងមក នៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្មីៗ ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។ តាមការគ្រោងទុក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះលើកចុងក្រោយ ក្នុងឆ្នាំ២០២១ នេះ នៅខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខ៕