វគ្គបណ្តុះបណ្តាលវិស័យកីឡារំា គឺជាសមិទ្ធផលបង្កើនការអភិវឌ្ឍឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

Detail Top Banner

រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស សហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា ថ្លែងថា វគ្គសិក្សាកីឡារាំដែលសហព័ន្ធបណ្តុះបណ្តាលដល់មន្រ្តីបច្ចេកទេសកីឡារាំកម្ពុជានេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកីឡារាំកម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា អះអាងថា វគ្គសិក្សានេះ គឺ ជាការបញ្ជ្រាបចំណេះដឹងបច្ចេកទេស ច្បាប់អន្តរជាតិនៃវិស័យកីឡារាំអន្តរជាតិ ជូនដល់មន្ត្រីទាំងអស់ ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពវិស័យកីឡារាំ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជំទាវ ជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគុណតម្លៃខ្ពស់ ក្រោមការចែករំលែកចំណេះដឹងពីអ្នកជំនាញនៃសហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំនៃបណ្តាប្រទេសឯទៀត ក្នុងអាស៊ី ដើម្បីបន្ថែមនូវគុណភាពបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ លោក ជំទាវ សង្ឃឹមថា ប្រភេទកីឡារាំកម្ពុជា នឹងអាចស្វែងរកមេដាយមាស ប្រាក់ និងសំរឹទ្ធ បន្ថែមទៀត ពីការប្រកួតអន្តរជាតិយកមកជូនជាតិ ជាពិសេសគឺគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជាយើងតែម្តង»។
លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បង្ហាញនូវក្តីរីករាយជាខ្លាំង ដែលគ្រប់សមាសភាពថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីរាំទាំងអស់ តែងតែបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយជ្រោងដល់វិស័យកីឡារាំកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ លោកជំទាវប្រធានសហព័ន្ធក៏បានបង្ហាញនូវអំណរគុណចំពោះឪពុកម្តាយកុមារា កុមារី ដែលតែងតែជូនក្មួយៗទៅមក ក្នុងការចូលរួមហ្វឹកហាត់ ដែលនេះគឺជាចំណែកនៃទឹកចិត្តដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡារាំរបស់កម្ពុជា កាន់តែដើរឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឃឹម។ ជាពិសេស លោកជំទាវ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នកីឡាពាក់ព័ន្ធទាំងអស់ ដែលផ្តល់ការឧបត្ថម្ភគាំទ្រដល់វិស័យកីឡារាំកម្ពុជា។ អ្វីដែលកាន់តែពិសេស គឺសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល តែងតែផ្តល់ការប្រោសព្រះរាជទានព្រះរាជទ្រព្យគាំទ្រ ដល់ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិជានិច្ច ជារៀងរាល់ឆ្នាំ ដែលទំាងអស់នេះ គឺជាកម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នា ដើម្បីបំពេញបេសកកម្មក្នុងការអភិវឌ្ឍ និងស្វែងរកមេដាយយកមកជូនជាតិមាតុភូមិ»។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ៣០នាក់ (ប្រុស ១៥នាក់ និងស្រី ១៥នាក់) មានសារសំខាន់ណាស់ ក្នុងការលើកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកមន្រ្តីបច្ចេកទេសកីឡារាំ រួមមានរចនាសម្ព័ន្ធអង្គការកីឡា ការរៀបចំសៀវភៅបច្ចេកទេសកីឡា រៀបចំយុទ្ធសាស្រ្ត ក្នុងនាមប្រទេសជាម្ចាស់ផ្ទះ រៀបចំផែនការក្នុងដំណាក់កាលត្រៀម ការគ្រប់គ្រងទីលានប្រកួត ការគ្រប់គ្រងការទទួលភ្ញៀវ ចៅក្រម និងការដាក់ពិន្ទុ ការគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត ពិធីប្រគល់រង្វាន់ ការរៀបចំផែនការបន្ទាប់ពីប្រកួត ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម និងពិធីការ ដើម្បីយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងមានសមត្ថភាពខ្ពស់ ក្នុងការទៅចូលរួមរៀបចំការប្រកួតកីឡាជាលក្ខណៈជាតិ និងអន្តរជាតិ និងជាពិសេសសម្រាប់ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា ស៊ីហ្គេម នាឆ្នាំ២០២៣ តែម្តង៕

You might also like