ឯកឧត្តម កឹម សុខុន វាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន
វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រ យានបានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីបានដំណើរអស់រយៈពេល៥ថ្ងៃ។ក្នុងឱកាសបិទវគ្គនិងប្រគល់វិញ្ញាបនបត្រសិក្សាជូនសិក្ខាកាមទទួលការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោក្រយាន។ ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹកទាំងអស់ ដែលបានខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបន្តអភិវឌ្ឍខ្លួន ក៏ដូចជាវិស័យកីឡាទោចក្រយាននៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានគូសបញ្ជាក់ថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះ គឺដើម្បីគោលបំណងអភិវឌ្ឍន៍សមត្ថភាពធនធានគ្រូបង្វឹករបស់សហព័ន្ធក្នុងការ បង្វឹកកីឡាករ-កីឡាការិនី ទៅតាមស្តង់ដារបច្ចេកទេសក្នុងការបង្វឹករបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (Union Cyclist International (UCI)។ នេះជាគោលដៅស្របតាមផែនការយុទ្ធសាស្ត្រ ដែលប្រទេសកម្ពុជាត្រៀមខ្លួនឆ្ពោះធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាគ្រូបង្វឹកចំនួន២៥នាក់ ដោយសិក្សាលើទ្រឹស្តីការបង្វឹកផ្នែកកង់ប៊ី អ៊ឹម អ៊ិច (Theory BMX Bike Training) និងការអនុវត្តជាក់ស្តែង។ សិក្សាអំពី ទ្រឹស្ដីអំពីការបង្វឹកផ្នែកកង់ល្បឿន (Thisory Time Trall Bike Training) និងការអនុវត្តជាក់ស្តែង។ សិក្សាអំពីទ្រឹស្ដីអំពីការបង្វឹកផ្នែកកង់គួក (Theory Road Bike Training) និងការអនុវត្តជាក់ស្ដែង និងការសិក្សាអំពីទ្រឹស្តីនៃការបង្វឹកផ្នែកកង់ភ្នំ (Theory Mountain Bike Training) និងការអនុវត្តជាក់ស្តែង។
ចំពោះចំណុចខ្លាំងសិក្ខាកាមបានយកចិត្តទុកដាក់ និងខិតខំព្យាយាមខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ និងបានយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ។ក្រុមគណៈកម្មការបានរៀបចំផែនការ កម្មវិធី ឯកសារបណ្តុះបណ្តាល និងផ្សព្វផ្សាយបានល្អជូនដល់សិក្ខាកាម។ ទទួលបានថវិកាពីក្រសួងអប់រំ យុវជននិងកីឡាចំនួន ២១,០០០,០០០រៀល សម្រាប់ការរៀបចំវគ្គ។ មានការយកចិត្តទុកដាក់ និងគាំទ្រពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការជួយសម្របសម្រួលពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសម្ព័ន្ធកីឡាប្រណាំងទោចក្រយានអន្តរជាតិ (UCI)។
ចំពោះចំណុចខ្សោយ គឺវគ្គសិក្សានេះមានរយៈពេលខ្លីសម្រាប់សិក្ខាកាម ត្រឹមចំនួន៥ថ្ងៃ ហើយសិក្ខាកាមនៅតាមបណ្តាខេត្តមិនបានចូលរួមសិក្សាដោយផ្ទាល់ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយរៀនតាមប្រព័ន្ធអនឡាញ។ បើទោះយ៉ាងនេះក្តី ក៏សហព័ន្ធបានវាយតម្លៃនូវលទ្ធផលនៃការសិក្សា ដោយលទ្ធផលល្អ ៣០% លទ្ធផលល្អបង្គួរ៥០% និងមធ្យម ២០%។
លោក នូ ចំរើន បញ្ជាក់បន្ថែមទៀថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកបង្វឹកដល់ក្រុមកីឡាករកីឡាការិនី ដើម្បីឈានទៅការចូលរួមការប្រកួតកីឡាទោចក្រយានលក្ខណៈជាតិ និងអន្តរជាតិនានា និងជាពិសេសសម្រាប់ត្រៀមខ្លួនដើម្បីចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ៕