សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានការដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF របស់កូរ៉េខាងជើង ចូលកីឡាអូឡាំពិកអន្តរជាតិ ដើម្បីជាការលើកទឹកចិត្តឲ្យមានការបង្រួបបង្រួមជាតិនៅក្នុងឧបទ្វីបកូរ៉េ
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យគណៈកម្មការអូឡាំពិកអន្តរជាតិ ដាក់បញ្ចូលកីឡាតេក្វាន់ដូរបស់កូរ៉េខាងជើង ចូលក្នុងកីឡាអូឡាំពិកអន្តរជាតិ ដើម្បីជាការលើកទឹកចិត្តឲ្យមានការបង្រួបបង្រួមជាតិនៅក្នុងឧបទ្វីបកូរ៉េ ព្រោះបច្ចុប្បន្ន មាន WT របស់កូរ៉េខាងត្បូង និង ITF របស់កូរ៉េខាងជើង ។
សម្ដេចតេជោ គិតថា សម្រាប់ផ្នែកអ្នកនយោបាយដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណត្តិ គឺខិតខំដើម្បីឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ដូច្នេះយើងដែលជាអ្នកក្រៅ ចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព គួរគាំទ្រឲ្យមានកីឡារបស់កូរ៉េខាងជើង មាននៅក្នុងកីឡាអូឡាំពិចអន្តរជាតិ ហើយយើងសង្កេតឃើញថា អាយធីអេហ្វ ដែលដឹកនាំដោយឯកឧត្តម កែវ រ៉េមី គឺជាប្រភេទកីឡាសក្តនុពលខ្លាំង អាចដណ្តើមបានមេដាយមាស ៕