ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នឹងជួយពង្រឹងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីត្រៀមចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយាន បានចាត់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលរៀបចំនៅខេត្តសៀមរាប គឺជាការប្រកួតកម្រិតខ្ពស់ប្រចាំឆ្នាំ ជួយពង្រឹងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីត្រៀមចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ពិសេសជួយឲ្យមន្រ្តីបច្ចេកទេសទទួលបានបទពិសោធន៍ ឈានទៅរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតស្តង់ដាអន្តរជាតិ នៅស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
អគ្គលេខាធិការខាងលើ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក នូ ចំរើន បានអះអាងថា ការប្រកួតជើងឯក ឆ្នាំ២០២១ សហព័ន្ធបានជ្រើសរើសយកខេត្តសៀមរាប ជាកន្លែងរៀបចំការប្រកួត លើ២ទីតាំង ក្នុងនោះមានវិញ្ញាសាប្រកួតកង់ភ្នំ ចំនួន៤វិញ្ញាសា ប្កួតនៅតំបន់ឧទ្យាជាតិភ្នំគូលេន ក្នុងស្រុកបន្ទាយស្រី និងវិញ្ញាសាកង់គក់៣វិញ្ញាសា ប្រកួតក្នុងក្រុងសៀមរាប ដោយឆ្លងកាត់តាមតំបន់ប្រាសាទនានា ។ លោក បញ្ជាក់ទៀតថា មូលហេតុដែលសហព័ន្ធសម្រេចយកខេត្តវប្បធម៌នេះ គឺដើម្បីកីឡាករ កីឡាការិនីបន្សាំទីតាំង ជាកន្លែងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន Herbalife បានថ្លែងថា ការចូលរួមឧបត្ថម្ភ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ជាការឧបត្ថម្ភជាលើកទី២ហើយ ក្នុងគោលដៅចូលរួមជម្រុញអភិវឌ្ឍវិស័យកីឡាទោចក្រយាន និងសមត្ថភាពអត្តពលិកឈានទៅប្រជែងដោយជោគជ័យលើឆាកអន្តរជាតិ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ រៀបចំនៅខេត្តសៀមរាប ធ្វើការប្រកួតលើ២ប្រភេទកង់ ចំនួន៧វិញ្ញាសា ក្នុងនោះ កង់ភ្នំ៤វិញ្ញាសា កង់គក់៣វិញ្ញាសា ។ ការប្រកួតមានរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ និងមានក្លិបសមាគមចូលរួមចំនួន១៨រាជធានី-ខេត្ត សរុបកីឡាករ កីឡាការិនី និងប្រតិភូចំនួន៦០០នាក់ ៕